ខេត្តពោធិ៍សាត់ ៖ បីនាក់ប្តីប្រពន្ធនិងកូនបានរងរបួសធ្ងន់ ដោយសារបេើករថយន្តដឹកត្រីយកទៅលក់នៅក្រុងប៉ោយប៉ែត ចូលក្រោមគូទរថយន្តធុនធំដែលចតស្ងៀមលើកំណាត់ផ្លូវជាតិលេខ៥ នៅភូមិដើមច្រេស ឃុំបឹងខ្នា ស្រុកបាកាន កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី៨ កញ្ញា ។
មន្ត្រីប៉ូលិសមូលដ្ឋានឱ្យដឹងថា រថយន្តម៉ាកកាមរីគូទស្វិតពណ៌ស បើកដោយឈ្មោះ អុ៊ង ភា អាយុ៤៥ឆ្នាំ រស់នៅភូមិអូរបាក្រង ឃុំអន្លង់វិល ស្រុកកណ្តៀង ។ តាមការសាកសួរឱ្យដឹងថា អ៊ុង ភា ជាអ្នករកស៊ីដឹកត្រីក្លាសេ្ស ទៅលក់នៅប៉ោយប៉ែតជាយូរមកហើយ នៅថ្ងៃកើតហេតុគាត់បានក្រោកតាំងពីម៉ោង២រំលងអធ្រាត្រ បើករថយន្តដឹកត្រីទៅលក់ដូចសព្វដងជាមួយប្រពន្ធឈ្មោះម៉ាន់ ស្រី អាយុ៤១ឆ្នាំ និងកូនប្រុស ឈ្មោះអ៊ុង ថេង អាយុ១៧ឆ្នាំ ។
ពេលធ្វើដំណើរទៅដល់កន្លែងកើតហេតុចាំងហ្វារថយន្តដែលបើកមកពីខាងមុខមើលមិនឃើញក៏បណ្តាលឱ្យរថយន្តដឹកត្រីបុកចូលក្រោមគូទរថយន្តយីឌុប ដែលកំពុងចតស្ងៀមតែម្តង ។ មន្ត្រីប៉ូលិសឱ្យដឹងថា រថយន្តដឹកត្រីរួញផ្នែកខាងមុខកៀបមនុស្សជាប់ក្នុងរថយន្តទាំងប្តីប្រពន្ធនិងកូនរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចយករថយន្តស្ទូចទាញចេញ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តទាំងយប់ ។
អ្នកដែលបានឃើញហេតុការណ៍នេះពិតជាញាក់សាច់ ប៉ុន្តែសំណាងល្អដែលអ្នកជិះគ្រាន់តែរបួសធ្ងន់ ។ រថយន្តទាំងពីរគ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោក ៕
ចែករំលែកព័តមាននេះ