រាជធានីភ្នំពេញ ៖ សវនាការលើសំណុំរឿងបង្កើតតំបន់អបគមន៍ប្រឆាំង លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការនៅថ្ងៃទី១១ កញ្ញា ២០១២នេះ ។
មានអាយុ៧២ឆ្នាំ លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៥ កក្កដា ២០១២ ក្រោមបទចោទប្រកាន់៤ករណី ពាក់ព័ន្ធនឹងការនៅពីក្រោយហេតុការណ៍ ដែលរដ្ឋាភិបាលបានចោទប្រកាន់ក្រុមអ្នកភូមិ ដែលជាសាខាសមាគមអ្នកប្រជាធិបតេយ្យនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ថា បានចាប់ដីខុសច្បាប់ និងបង្កើតតំបន់អបគមន៍។ ក៏ប៉ុន្តែលោកម៉មសូណង់ដូ និងសាខាប្រធានសមាគមអ្នកប្រជាធិបតេយ្យនៅខេត្តក្រចេះ ឈ្មោះប៊ុនរដ្ឋា ដែលជាប់ចោទ និងបានរត់គេចខ្លួន បានបដិសេធរាល់ការចោទប្រកាន់ទំាងនោះ ។
លោកមេធាវីសុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីការពារក្តី លោក ម៉ម សូណង់ដូ ធ្លាប់បានមានប្រសាសន៍ ថា កូនក្តីរបស់លោកនឹងត្រូវបានដោះលែង ពីព្រោះរឿងនេះមិនមានភស្តុតាងចោទប្រកាន់អីទេ ដោយគ្រាន់តែមានមនុស្សឆ្លើយដាក់លោកម៉ម សូណង់ដូ ហើយតុលាការចេះតែចោទដែរ ។ ចំណុចនេះ ដូចជាជ្រុលហួសក្នុងការចោទប្រកាន់នោះ វាដូចជាអត់មានភស្តុតាងអីសោះ គ្រាន់តែមនុស្សឆ្លើយដាក់ ។ ប៉ុន្តែលោកមេធាវី សុក សំអឿន បានបញ្ជាក់ដែរថា បើសិនជាចៅក្រមសម្រេចផ្តន្ទាទោសតាមបទចោទប្រកាន់ក្នុង៤ករណី ក្នុងនោះមានបទបង្កើតតំបន់អបគមន៍មែននោះ គឺលោកម៉មសូណង់ដូត្រូវប្រឈមនឹងការជាប់ពន្ធនាគារសរុបដល់ទៅ៣០ឆ្នាំ ។
យ៉ាងណាក៏ដោយ លោកមេធាវីការពារក្តីឲ្យលោកម៉ម សូណង់ដូ បានអះអាងដែរ លោកបានត្រៀមខ្លួននិងឯកសាររួចរាល់ហើយ ក្នុងនោះ ក៏មានមនុស្ស៥នាក់ទៀត ដែលនឹងធ្វើសាក្សីឲ្យលោកម៉ម សូណង់ដូ នៅក្នុងសវនាការថ្ងៃទី១១ កញ្ញា ខាងមុខនេះ ។ ដោយឡែកប្រភពពីសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ នោះវិញបានឲ្យដឹងដែរថា នៅថ្ងៃសវនាការនោះ នឹងមានប្រជាពលរដ្ឋ និងសមាជិក សមាគម ជាច្រើននាក់មកពីតាមបណ្តាខេត្តនានាចូលរួមស្តាប់សវនាការផងដែរ ។
គួរបញ្ជាក់ដែរថា លោក ម៉ម សូណង់ដូ ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាប់ដាក់ពន្ធនាគារចំនួនពីរលើករួចមកហើយ ។ ដែលលើកទី១-ទាក់ទងនឹងកុបកម្មប្រឆាំងថៃឈានដល់ការដុតស្ថានទូតថៃ កាលពីដើមឆ្នាំ២០០៣ និងទី២-ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលកម្ពុជា ចំពោះសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម កាលពីចុងឆ្នាំ២០០៥កន្លងមក ៕
ចែករំលែកព័តមាននេះ