ខេត្តប៉ៃលិន ៖ បុរសម្នាក់ឈ្មោះពាម ចំរើន អាយុ៤១ឆ្នាំ ទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានត្រូវនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តសហការជាមួយកងល្បាតរបស់តំបន់ប្រតិបត្តិការសឹករងក្រុងប៉ៃលិនចាប់ខ្លួននៅក្នុងព្រៃមួយកន្លែង ស្ថិតនៅចំណុចទួលរំដេង ភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២ កញ្ញា និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដោយជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ខណៈរូបគេកំពុងដើររកបាញ់សត្វក្នុងព្រៃមួយកន្លែងនៅក្នុងភូមិបយ៉ាខា សង្កាត់បយ៉ាខា ។ លោកឈុន ណាត នាយការិយាល័យប្រឆាំងការជួញដូរ និងចែកចាយគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា រាល់ថ្ងៃរូបគេរកស៊ីឡើងភ្នំអារឈើ និងបរបាញ់សត្វព្រៃយកសាច់ទៅលក់ ។
ចំណែកថ្នាំញៀនដែលនៅជាប់នឹងខ្លួនគេមានចំនួន១០គ្រាប់ ដោយគេបានទិញតពីអ្នកដទៃមកសម្រាប់ប្រើប្រាស់ខ្លួនឯងពេលឡើងទៅអារឈើ និងបរបាញ់សត្វព្រៃ ដើម្បីកុំឱ្យងងុយដេក ។ លោកឈុន ណាត បានបន្តទៀតថា ទោះបីជាយ៉ាងណា ជនសង្ស័យត្រូវបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ