រាជធានីភ្នំពេញ ៖ ក្រុមចោរទាក់ឆ្កែម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវប្រជាការពារសង្កាត់ព្រែកលៀប ដេញចាប់បានកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ កញ្ញា ២០១២ បន្ទាប់ពីជិះម៉ូតូដើរធ្វើសកម្មភាពទាក់ឆ្កែនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ប្រទះឃើញកម្លាំងប្រជាការពារដេញចាប់ក៏ជិះម៉ូតូទៅបុកស្លាកយីហោយានដ្ឋាន ។ នៅពេលឃាត់ខ្លួនដកហូតបានឆ្កែ២ក្បាលដែលទើបទាក់បានថ្មីៗ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះគ្រី គ្រីម ហៅចាយ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅមាត់ច្រាំងទន្លេ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រងរបួសបែកក្បាល និងដៃជើង ដោយដួលម៉ូតូរួមជាមួយប្រជាពលរដ្ឋបាននាំគ្នាវាយទ្រមខ្លួនរួចប្រគល់ឱ្យប៉ូលិសចាត់ការតាមច្បាប់។
តាមលោកព្រាប មុនី ចៅសង្កាត់ព្រែកលៀបឱ្យដឹងថា ក្រុមជនដើរទាក់ឆ្កែមានបក្សពួក២នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពដើរទាក់ឆ្កែនៅតាមផ្លូវជាតិលេខ៦ ។ នៅពេលធ្វើសកម្មភាពទាក់បានឆ្កែចំនួន២ក្បាលក៏ប្រទះឃើញកម្លាំងប្រជាការពារសង្កាត់ព្រែកលៀប ជិះល្បាតក្នុងមូលដ្ឋាននាំគ្នាដេញចាប់ហើយត្រូវជននោះជិះម៉ូតូទៅបុកបង្គោលស្លាកយីហោយានដ្ឋានជួសជុលរថយន្តនៅ ក្នុងភូមិព្រែកលៀប បណ្តាលឱ្យម៉ូតូដួលចាប់បានម្នាក់ និងដកហូតបានឆ្កែ២ក្បាល ។ ចំណែកម្នាក់ទៀតបានព្យាយាមលើកម៉ូតូជិះគេចខ្លួនបាត់ ៕
ចែករំលែកព័តមាននេះ