រាជធានីភ្នំពេញ ៖ វត្តទួលសន្តិវ័នហៅវត្តទួលអស់លោក រួមជាមួយគណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តបានរួមគ្នាធ្វើបុណ្យផ្ការស្មីសាមគ្គីរប្រមូលបច្ច័យបានចំនួន១៧.៣២០.០០០រៀល និង៨៦១ដុល្លារសហរដ្ឋអាមេរិក នាំយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាទី៤ កាលពីរសៀលថ្ងៃទី៦ កញ្ញា ២០១២ ។ ពិធីបុណ្យផ្ការស្មីសាមគ្គីនេះ បានផ្តួចផ្តើមឡើងពីព្រះកន្តវីរោ ចាន់ នឿន ព្រះចៅអធិការស្តីទីវត្តទួលសន្តិវ័ន ហៅ វត្តទួលអស់លោក ក្នុងគោលបំណងជួយឧបត្ថម្ភដល់មន្ទីរពេទ្យ និងបំផុសស្មារតីដល់សង្ឃ និងពុទ្ធបរិស័ទទូទាំងប្រទេសឱ្យជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យសប្បុរសធម៌ជួយសង្គ្រោះដល់កុមារទូទាំងប្រទេសដោយពុំគិតប្រាក់ ។
ព្រះកន្តវីរោ ចាន់ នឿន ព្រះចៅអធិការស្តីទីវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក មានថេរដីកាឱ្យដឹងថា ដោយមើលឃើញមន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យសប្បុរសធម៌មួយដែលបានជួយសង្គ្រោះដល់កុមារនៅទូទាំងប្រទេស ដោយពុំយកប្រាក់ព្រះអង្គបានផ្តួចផ្តើមជាមួយគណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តរួមគ្នាធ្វើបុណ្យផ្ការស្មីសាមគ្គីមួយកាលពីថ្ងៃទី២ កញ្ញា ២០១២ ដើម្បីប្រមូលបច្ច័យជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាទី៤ ហើយនាំមកជួយឧបត្ថម្ភនៅពេលនេះ ។
បច្ច័យនេះជាចំណែកតូចមួយដែលបានមកពីពុទ្ធបរិស័ទដែលមានទឹកចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យឧទ្ទិសកុសល និងជួយរួមចំណែកក្នុងការជួយដល់កុមារ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ