រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបន្ទាប់ពីជននេះចាក់សម្លាប់មិត្តភក្តិប្លន់យកម៉ូតូបានហើយ ដើរពពាយនាយលក់ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៩ កញ្ញា ២០១២ ត្រង់ចំណុចសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនដៃដល់ឈ្មោះសុខ សម្ផស្ស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកំពង់ត្របែក ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកជនរងគ្រោះឈ្មោះភាព ស៊ីណែត ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ទីលំនៅក្នុងភូមិជាមួយគ្នា ត្រូវជនដៃដល់ជាមិត្តភក្តិចាក់១កាំបិតចំដើមទ្រូងរួចរុញទម្លាក់ចូលក្នុងបឹងកំប្លោក ស្លាប់បាត់បង់ជីវិត ។
ប្រភពព័ត៌មានឱ្យដឹងថា កាលពីយប់ថ្ងៃទី៨ កញ្ញា ២០១២ ជនល្មើសបានឱ្យជនរងគ្រោះឌុបពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ លុះមកដល់ចំណុចបឹងកំប្លោក ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនល្មើសក៏ឱ្យជនរងគ្រោះឈប់ ហើយដកកាំបិតចាក់ទៅលើជនរងគ្រោះចំដើមទ្រូង១កាំបិតរួចក៏រុញទម្លាក់ចូលក្នុងបឹងកំប្លោកយកម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១២ ជិះគេចខ្លួនបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ