ខេត្តបន្ទាយមានជ័យ ៖ ស្របពេលដែលប្រទេសកម្ពុជាបាននិងកំពុងបោះជំហានទៅមុខយ៉ាងលឿនលើគ្រប់វិស័យនោះ វិស័យអប់រំបានពង្រីកនូវសក្តានុពលរបស់ខ្លួនដើម្បីបម្រើសេវាសិក្សាធិការអប់រំឱ្យដល់ទីជនបទដែលបច្ចុប្បន្នគុណភាពអប់រំមិនត្រឹមតែមាននៅតាមទីប្រជុំជនប៉ុណ្ណោះទេ នៅទីជនបទក៏មានគុណភាពល្អប្រសើរផងដែរ ។ នេះជាប្រសាសន៍របស់លោករៀម សារិន អភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងក្នុងឱកាសប្រារព្ធមិទី្ទងយុទ្ធនាការចុះឈ្មោះសិស្សចូលរៀននាថ្ងៃទី៦ កញ្ញា ឆ្នាំ២០១២ នៅវិទ្យាល័យស្វាយចេក ស្រុកស្វាយចេក ដែលរៀបចំឡើងដោយអង្គការកម្ពុជាជួយស្ត្រីមានវិបត្តិ (CWCC) ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិ Lotus Outreach ។
លោកសួង សុភាព ប្រធានការិយាល័យតំបន់របស់អង្គការកម្ពុជាជួយស្ត្រីមានវិបត្តិបានមានប្រសាសន៍ថា ការរៀបចំយុទ្ធនាការនេះមានគោលបំណងផ្ញើជាសារមួយរំលឹកដល់មាតាបិតាអាណាព្យាបាលទាំងអស់ដែលមានកូនអាយុគ្រប់៦ឆ្នាំឱ្យរួសរាន់ក្នុងការនាំកូនទៅចុះឈ្មោះចូលរៀន និងសម្រាប់កូនដែលមានឈ្មោះក្នុងបញ្ជីតាមសាលាស្រាប់ ឱ្យឆាប់ទៅបំពេញពាក្យសុំចូលរៀនចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១២ និងជាសារមួយឱ្យសាធារណជនកាន់តែយល់ជ្រួតជ្រាបពីសារសំខាន់នៃការអប់រំ ។ ជាពិសេសការអប់រំសម្រាប់ក្មេងស្រី និងចូលរួមទាំងអស់គ្នាដើម្បីរួមចំណែកសម្រេចឱ្យបាននូវគោលនយោបាយអប់រំសម្រាប់ទាំងអស់គ្នារបស់រាជរដ្ឋាភិបាលកម្ពុជាត្រឹមឆ្នាំ២០១៥ ៕
ចែករំលែកព័តមាននេះ