ខេត្តឧត្តរមានជ័យ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងជោកជាំ ធ្វើឱ្យស្ថានភាពនាពេលព្រលឹមមានអ័ព្ទធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ជាពិសេសនៅតាមជួរភ្នំដងរែក ដែលការប្រែប្រួលអាកាសធាតុនេះធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុខភាពរបស់កូនតូចៗ និងមនុស្សចាស់ផងដែរ ។
ប្រជាពលរដ្ឋជាច្រើននាក់ដែលមានទីលំនៅក្នុងភូមិអូរគ្រញូង ភូមិចង្អូរថ្ម ភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បានរៀបរាប់ថា តាមការសង្កេតនៅក្នុងឆ្នាំ២០១២នេះ ចាប់ពីខែមករា រហូតមកទល់នឹងខែកញ្ញា គឺនៅដើមឆ្នាំមិនទាន់មានភ្លៀងធ្លាក់ទេ ហើយធាតុអាកាសក្តៅខ្លាំង ។ លុះនៅខែមីនា មេសា ឧសភា និងមិថុនា ភ្លៀងបានធ្លាក់មកម្តងៗ តែនៅក្នុងខែកក្កដា ក៏រាំងស្ងួតធ្វើឱ្យដំណាំកសិ-ឧស្សាហកម្ម និងដំណាំផ្សេងៗទៀតងាប់ស្ទើរគ្មានសល់ ។ លុះមកដល់ដើមខែសីហា ទើបទឹកភ្លៀងធ្លាក់មកផ្ទួនៗគ្នាជារៀងរាល់ថ្ងៃ និងបានបង្កឱ្យមានទឹកជន់លិចដំណាំស្រូវ ។
ទោះជាយ៉ាងណា ចំពោះទឹកជំនន់នេះពុំមានការព្រួយបារម្ភឡើយ ដោយសារជាទឹកជំនន់នៅតាមជួរភ្នំដងរែក ដែលទឹកបានជន់លឿន ព្រោះតែភ្លៀងហូរចាក់ពីលើភ្នំ តែស្រកទៅវិញក៏លឿនដែរ ។ប្រជាពលរដ្ឋបញ្ជាក់ថា នៅក្នុងខែកញ្ញានេះ ភ្លៀងបានធ្លាក់ជាញឹកញាប់ដែរ តែពុំមានភ្លៀងធំៗទេ ផ្ទុយទៅវិញបានចុះអ័ព្ទយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ដែលនៅពេលព្រឹកក្នុងអំឡុងម៉ោងប្រហែល៦មើលគ្នាក្នុងរយៈចម្ងាយពី៣០ម៉ែត្រទៅ៥០ម៉ែត្រមិនឃើញទេ រហូតដល់ម៉ោងប្រហែល៨ព្រឹក ទើបអ័ព្ទនោះបាត់ទៅវិញ ។ បើតាមការសង្កេតនោះ គឺបាតុភូតបែបនេះកើតមានជារៀងរាល់ឆ្នាំនៅខេត្តឧត្តរមានជ័យ ក៏ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋព្រួយបារម្ភនោះគឺនៅក្នុងឆ្នាំ២០១១មានជំងឺគ្រុនផ្តាសាយកើតលើក្មេងតូចៗស្ទើរគ្រប់ក្រុមគ្រួសារទាំងអស់ ហើយនៅក្នុងឆ្នាំនេះទៀតក៏មានការព្រួយបារម្ភយ៉ាងខ្លាំងដែរ ពីការកើតជំងឺនេះ ។
លោកឃិន ញ៉ាណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានឱ្យដឹងថា នៅក្នុងអំឡុងដើមខែចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៧ កញ្ញាគឺអាកាសធាតុមានសម្ពាធទាបនៅអាងទន្លេមេគង្គ ហើយបានជះឥទ្ធិពលទៅលើព្រះរាជាណាចក្រកម្ពុជាយើង នៅក្នុងតំបន់ខ្ពង់រាប និងវាលទំនាប ជាពិសេសនៅខេត្តឧត្តរមានជ័យដែលសម្បូរទៅដោយភ្នំនិងដើមឈើច្រើន នឹងបង្កឱ្យមានដុំពពកច្រើន ហើយទាបគ្របដណ្តប់នៅក្នុងខេត្ត និងអាចបង្កឱ្យមានភ្លៀងធ្លាក់ជាញឹកញាប់ ព្រមទាំងអាចបង្កឱ្យមានទឹកជំនន់បាន ។ បើពិនិត្យលើសីតុណ្ហភាពវិញ ក្នុងរយៈពេល២ថ្ងៃនេះ (៦-៧ កញ្ញា) ស្ថិតក្នុងកម្រិត៣២អង្សាសេនៅក្នុងខេត្តឧត្តរមានជ័យ ៕
ចែករំលែកព័តមាននេះ