រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីលោកជា សុខហៀង កាលពីរសៀលថ្ងៃទី៧ កញ្ញា បានសម្រេចឃុំខ្លួនបុរសម្នាក់ដែលជាអ្នករៀបចំឯកសារផ្សេងៗ ដើម្បីឱ្យចាងហ្វាងកាសែតពន្លឺសាមគ្គីដើរដាក់ពាក្យបណ្តឹងភូតកុហកដើម្បីបង្ខូចកិត្តិយសមន្ត្រីរាជការមួយចំនួន ដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើបរិហារដោយភូតកុហក និងក្លែងបន្លំ ។
បុរសរូបនេះឈ្មោះ ផៃ ប៊ុនធឿន អាយុ៤៧ឆ្នាំ មានលំនៅផ្ទះលេខ៥ ផ្លូវជាតិលេខ២ ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវសមត្ថកិច្ចប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៧ កញ្ញា នៅចំណុចមុខភោជនីយដ្ឋានរតនគិរីតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ជា សុខហៀង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
ដើមចមដែលនាំឱ្យមានការឃាត់ខ្លួននេះ បានកើតឡើងកាលពីឆ្នាំ២០១១ ខណៈពេលចាងហ្វាងកាសែតពន្លឺសាមគ្គីឈ្មោះ ហង្ស ចំរើន ហៅហង្ស សាខន បានតាំងខ្លួនជាដើមបណ្តឹងដើរដាក់ពាក្យប្តឹងមន្ត្រីរាជការមួយចំនួនដែលមានមុខមាត់តាមរូបភាពកាត់ឯកសារមកផ្តុំរួចថតចម្លង ហើយយកទៅដាក់នៅតាមស្ថាប័នមួយចំនួនដូចជា តុលាការ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមួយចំនួនទៀត តាមតែគេយល់ឃើញ ។ ក្នុងនោះគ្រាន់តែអង្គភាពប្រឆាំងអំពើពុករលួយមួយចាងហ្វាងកាសែតរូបនេះដាក់ពាក្យបណ្តឹងរហូតដល់ទៅ៥ករណីឯណោះ ។
ក្រោយពីបានដាក់ពាក្យបណ្តឹងរួចចាងហ្វាងកាសែតរូបនេះបានចេញមុខសម្ភាសន៍ចុះផ្សាយក្នុងសារព័ត៌មានមួយចំនួន សំដៅបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីរាជការទាំងនោះ ដូច្នេះទើបមន្ត្រីរងគ្រោះទាំងអស់ដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចឱ្យស្រាវជ្រាវករណីនេះ ក៏ឈានដល់ការឃាត់ខ្លួនចាងហ្វាងកាសែតរូបនេះតែម្តង ។ បន្ទាប់មកអង្គភាពប្រឆាំងអំពើពុករលួយបានស្រាវជ្រាវយ៉ាងហ្មត់ចត់ទើបដឹងថា បណ្តឹងរបស់ចាងហ្វាងកាសែតរូបនេះជាបណ្តឹងបរិហារដោយភូត
កុហក ។
រហូតមកដល់ថ្ងៃទី៤ កញ្ញា ឆ្នាំ២០១២ សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនចាងហ្វាងកាសែតរូបនេះ នៅទឹកដីខេត្តកំពង់ស្ពឺ រួចបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃដដែលដើម្បីសាកសួរ ។
ចាងហ្វាងកាសែតរូបនេះបានសារភាពថា ខ្លួនពិតជាបានដើរដាក់ពាក្យបណ្តឹងយ៉ាងដូច្នេះមែនហើយពាក្យបណ្តឹងនេះទៀតសោតគឺឈ្មោះផៃ ប៊ុនធឿន ជាអ្នករៀបចំឱ្យ ៕
ចែករំលែកព័តមាននេះ