ខេត្តក្រចេះ ៖ អតីតសង្គ្រាជវត្តដែលបានបង្កហិង្សាយ៉ាងចាស់ដៃទៅលើស្ត្រីជាប្រពន្ធទាំងនៅសរសៃខ្ចី ដោយចាក់សាំងដុតប្រពន្ធទាំងរស់ រួចព្យាយាមផឹកទឹកអាស៊ីតប៉ងសម្លាប់ខ្លួន តែមិនស្លាប់ហើយត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តនោះ ពេលនេះបានចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកនៃមន្ទីរពេទ្យខេត្ត ក្រោយពេលស្នាក់នៅក្នុងមន្ទីរពេទ្យបានរយៈពេលមួយសប្តាហ៍ ។
ការធ្វើអត្តឃាតនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅក្នុងមន្ទីរពេទ្យខេត្តកាលពីថ្ងៃទី៧ កញ្ញា ខណៈពេលដែលគេឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកក្នុងមន្ទីរពេទ្យទាំងកាយអាក្រាតននលគក ដោយសារបុរសនេះស្រាតខោជើងវែងរបស់ខ្លួនចង.កនឹងធ្នឹមបន្ទប់ទឹក ។ បុរសដែលចង.កសម្លាប់ខ្លួននេះ ឈ្មោះសំរឹទ្ធ តូច អាយុ៤៨ឆ្នាំ អតីតសង្គ្រាជវត្តទួលត្រាំង ក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ហើយបានសឹកមកយកប្រពន្ធជាស្ត្រីមេម៉ាយកូនមួយរយៈពេលពីរឆ្នាំមកហើយ មានទីលំនៅក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ។
តាមប្រភពព័ត៌មានឱ្យដឹងថា បុរសរូបនេះបានមកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត កាលពីល្ងាចថ្ងៃទី១ កញ្ញា ជាមួយនឹងស្ត្រីជាប្រពន្ធឈ្មោះធន់ ស៊ីណា អាយុ៣២ឆ្នាំ ខណៈដែលប្តីប្រពន្ធនេះបានផ្ទុះហិង្សាមួយដោយបុរសជាប្តីខឹងប្រពន្ធដាក់ពាក្យបណ្តឹងទៅអាជ្ញាធរដើម្បីសុំលែងលះ ព្រោះតែមិនអាចទ្រាំបាននឹងទង្វើដើរផឹកស្រាស្រវឹងរករឿងប្រពន្ធ ហើយចុងក្រោយទៅមានស្រីថ្មីទៀត ។ ដោយសារខឹងប្រពន្ធ បុរសរូបនេះបានទិញសាំងចំនួនមួួយលីត្រកន្លះ មកចាក់ស្រោចលើប្រពន្ធពីក្រោយ ខណៈប្រពន្ធកំពុងបំបៅដោះកូននៅលើផ្ទះ និងបានគូសឈើគូសដុតបណ្តាលឱ្យឆេះរោលរាលពេញខ្លួន ។ ក្នុងហេតុការណ៍នេះ ស្ត្រីជាប្រពន្ធបានបោះកូនទៅក្បែរជញ្ជាំង និងលោតពីលើផ្ទះមកដីទៅដេកននៀលទឹកភក់នៅក្បែរផ្ទះទើបភ្លើងរលត់ តែក៏រងរបួសធ្ងន់ដែរ ។
បន្ទាប់ពីធ្វើសកម្មភាពដុតប្រពន្ធទាំងរស់រួចមក បុរសជាប្តីរូបនេះបានយកទឹកអាស៊ីតសម្រាប់ប្តូរអាគុយដែលទុកនៅលើផ្ទះមកផឹកបណ្តាលឱ្យប្រកាច់បែកពពុះមាត់ និងត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តដឹកទាំងពីរនាក់ប្តីប្រពន្ធយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ។ តាមប្រភពព័ត៌មាននិយាយថា ប្តីប្រពន្ធ២នាក់នេះត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះរហូតជិតជាសះស្បើយហើយក្នុងរយៈពេល៧ថ្ងៃនេះ បន្ទាប់ពីកើតហេតុ ដោយបុរសជាប្តីគឺមានអាការធ្ងន់ធ្ងរលើបំពង់ក តែអាចទទួលទានអាហារបានតិចៗ ហើយក្រុមគ្រូពេទ្យ មានគម្រោងចាត់បញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តកំពង់ចាមទៀត រីឯស្ត្រីជាប្រពន្ធត្រូវក្រុមគ្រូពេទ្យសម្រេចឱ្យចេញទៅផ្ទះវិញដែរ ។
ជុំវិញការចង.កធ្វើអត្តឃាតនេះ គឺដោយសារតែជននេះគិតថា មិនអាចរួចផុតពីសំណាញ់ច្បាប់ចំពោះការបង្កហិង្សាដោយចេតនា គឺចាក់សាំងដុតប្រពន្ធទាំងរស់នោះ ។ ជាមួយនឹងការផ្អើលឆោឡោនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីគេឃើញបុរសរូបនេះចង.កសម្លាប់ខ្លួន លោកហាក់ ហា៊ន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំក្រុមគ្រូពេទ្យចុះទៅពិនិត្យសព និងបង្ហាញថា ពិតជាស្លាប់ដោយការចង.កសម្លាប់ខ្លួនមែន ៕
ចែករំលែកព័តមាននេះ