រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានជិះម៉ូតូធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៦ កញ្ញា ដែលតាមការអះអាងថា មកពីខឹងប្តីដែលបង្ខំឱ្យទម្លាក់កូនចេញ តែត្រូវបានប៉ូលិសអង្គភាពគោលដៅទី៣ការពារស្ពានជ្រោយចង្វាឃាត់ទាន់ ។ ស្រ្តីដែលព្យាយាមលោតទឹកសម្លាប់ខ្លួន តែពុំបានសម្រេចនេះឈ្មោះម៉ៅ ម៉ាប់ អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ចំណែកប្តីដែលបង្ខំប្រពន្ធឱ្យទម្លាក់កូនចេញនោះ ត្រូវបានប្រាប់ថា ឈ្មោះអ៊ុក រដ្ឋា អាយុ៣៣ឆ្នាំ ជាមន្រ្តីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ប្រចាំខណ្ឌចំការមន ។
តាមមន្រ្តីប៉ូលិសឱ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរូបនេះបានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ផលិតនៅប្រទេសវៀតណាម ធ្វើដំណើរមកពីផ្ទះឡើងទៅតាមស្ពានជ្រោយចង្វា លុះទៅដល់កណ្តាលស្ពានក៏ឈប់ម៉ូតូ ហើយឈរយំក្បែរបង្កាន់ដៃស្ពានបម្រុងលោតទឹកតែនាងហាក់ដូចជាមិនដាច់ចិត្ត ។ ដោយឃើញដូចនេះប៉ូលិសដែលប្រចាំការក៏ឃាត់ រួចបញ្ជូនមកកាន់អង្គភាពគោលដៅទី៣ការពារស្ពានជ្រោយចង្វាដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចស្រ្តីរូបនេះនិយាយថា នាងធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួននេះដោយតូចចិត្តនឹងប្តីដែលបង្ខំឱ្យទិញថ្នាំទម្លាក់កូនចេញ ។ នាងបានរួមរស់ជាមួយប្តីឈ្មោះអ៊ុក រដ្ឋា ជាមន្រ្តីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញប្រចាំខណ្ឌចំការមន រយៈពេល៣ឆ្នាំមកហើយមានកូន២នាក់ និងមានផ្ទៃពោះម្នាក់ទៀតទើបតែ២ខែ ។ កាលពី៣ថ្ងៃមុន នាងបានប្រាប់ប្តីពីរឿងមានផ្ទៃពោះតែប្តីមិនពេញចិត្តឱ្យទុកកូននោះទេ ។ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៦ កញ្ញា ឆ្នាំ២០១២ នៅពេលដែលប្តីត្រឡប់មកពីធ្វើការវិញ ស្រាប់តែបង្ខំនាងឱ្យទៅទិញថ្នាំមកលេបទម្លាក់កូនចេញទៀត តែនាងពុំព្រមក៏ជិះម៉ូតូចេញពីផ្ទះមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា តែត្រូវប៉ូលិសឃាត់ទាន់ ។
ស្រ្តីរូបនេះបានឱ្យដឹងថា ប្តីគិតតែពីផឹកមិនគិតពីប្រពន្ធកូនឡើយ ។ ម្យ៉ាងទៀត លោកប្តីមានប្រពន្ធដើមធ្លាប់មានកូន៣នាក់ និងថែមទាំងមានស្រីថ្មីទៀត ។ នៅយប់នោះ ប៉ូលិសបានទាក់ទងទៅបុរសជាប្តីឱ្យមកនាំប្រពន្ធត្រឡប់ទៅផ្ទះវិញ ព្រមទាំងណែនាំកុំឱ្យគិតខ្លី និងធ្វើការអប់រំប្តីឱ្យចេះស្រឡាញ់កូនកុំបង្ខំប្រពន្ធបែបនេះ ។ បន្ទាប់ពីណែនាំរួច ស្រ្តីរូបនេះត្រូវបានប្តីនាំត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ