រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម(អ.វ.ត.ក) កាលពីថ្ងៃទី៦ កញ្ញា ដែលកោះសន្តិភាពបានទទួលឲ្យដឹងថា អង្គជំនុំជម្រះតុលាការកំពូលសម្រេចចាត់ប្រភេទឯកសារសម្ងាត់ចំនួនជាង១.៧០០ច្បាប់ ។ អង្គជំនុំជម្រះតុលាការកំពូលបានបញ្ចប់ការពិនិត្យឡើងវិញលើចំណាត់ប្រភេទនៃឯកសារជាង១២.០០០ប្រភេទ ដែលជាប្រភេទឯកសារសម្ងាត់ និងសម្ងាត់បំផុតក្នុងសំណុំរឿង០០១ ។
អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្តីខ្មែរក្រហម បានបញ្ចប់ការពិនិត្យឡើងវិញទៅលើចំណាត់ប្រភេទនៃឯកសារជាង១២.០០០ ដែលជាប្រភេទឯកសារសម្ងាត់ និងសម្ងាត់បំផុតមួយចំនួនទៀតក្នុងសំណុំរឿង០០១ ក្នុងនោះ អង្គជំនុំជម្រះបានធ្វើចំណាត់ប្រភេទឯកសារសរុបចំនួន១.៧៤៩ថាជាឯកសារសាធារណៈ ។សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម នៅរសៀលថ្ងៃទី៦ កញ្ញា ឆ្នាំ២០១២ បង្ហាញថា ឯកសារទាំងនេះ មានជាអាទិ៍ ឯកសារក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលរួមមាន«ចម្លើយសារភាព» និងជីវប្រវត្តិរបស់ជនរងគ្រោះ ចម្លើយសាក្សី ប្រតិចារឹកនៃសវនាការអសាធារណៈ និងដីកាចាត់ឲ្យស៊ើបសួរជំនួស ។
សេចក្តីប្រកាសព័ត៌មានដដែលអះអាងថា ដំណើរការនៃការធ្វើចំណាត់ប្រភេទឯកសារឡើងវិញនេះ ត្រូវបានអនុវត្តដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយ ជាមួយនឹងការិយាល័យ និងអង្គភាពនានារបស់ អ.វ.ត.ក និងជាពិសេសដោយមានការរួមចំណែកពីអង្គបុរេជំនុំជម្រះ និងអង្គជំនុំជម្រះសាលាដំបូង ការិយាល័យសហព្រះរាជអាជ្ញា អង្គភាពគាំពារជនរងគ្រោះ អង្គភាពគាំពារសាក្សី អ្នកជំនាញ និងផ្នែកគ្រប់គ្រងតុលាការ ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា អង្គជំនុំជម្រះតុលាការកំពូល បានព្យាយាមរក្សាតុល្យភាពរវាងលក្ខខណ្ឌតម្លាភាពចេញពីគោលការណ៍ជាសារវន្តដែលគ្រប់គ្រងកិច្ចដំណើរការនីតិវិធីនៅចំពោះមុខ អ.វ.ត.ក និងតម្រូវការក្នុងការរក្សាការសម្ងាត់ដើម្បីការពារភាពឯកជនរបស់ជនរងគ្រោះ និងសាក្សី និងតម្រូវការក្នុងការរក្សាសុចរិតភាពនៃកិច្ចដំណើរការនីតិវិធី ដែលកំពុងអនុវត្ត ។ អាស្រ័យហេតុនេះ អង្គជំនុំជម្រះយល់ឃើញថា ការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវឯកសារទាក់ទងនឹងកិច្ចដំណើរការនីតិវិធីនៅចំពោះមុខតុលាការនេះ ស្របតាមអាណត្តិរបស់ អ.វ.ត.ក ដែលរួមចំណែកដល់ការផ្សះផ្សាជាតិ និងដើម្បីគាំទ្រដល់ដំណើរការនាពេលបច្ចុប្បន្នក្នុងការស្វែងរកការពិតក្នុងប្រវត្តិសាស្ត្រ ។
អង្គជំនុំជម្រះសង្ឃឹមថា ការដែលសាធារណជនទូទៅ អ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មានមានលទ្ធភាពច្រើនក្នុងការចូលទៅប្រើប្រាស់ឯកសារក្នុងសំណុំរឿងនឹងជួយលើកកម្ពស់ការពិភាក្សាជាសាធារណៈ និងដោយស្មោះត្រង់អំពីសោកនាដកម្មនៅប្រទេសកម្ពុជាក្នុងអតីតកាលដោយផ្អែកទៅលើភ័ស្តុតាងច្បាស់លាស់ដើម្បីជួយកាត់បន្ថយជាអតិបរមាចំពោះការមិនទទួលស្គាល់ការបំភ្លៃអង្គហេតុ និងការបង្ហាញការពិតតែមួយផ្នែកណានោះ ។
សេចក្តីប្រកាសព័ត៌មានបានបង្ហាញទៀតថា ឯកសារចំនួន៣ភាគ៤ទៀតនៃឯកសារ ១២.០០០នេះ ត្រូវបានចាត់ថ្នាក់ក្នុងសំណុំរឿង០០២ សំណុំរឿង០០៣ និងសំណុំរឿង០០៤។ ដូច្នេះឯកសារទាំងនោះនឹងត្រូវពិនិត្យចាត់ប្រភេទឡើងវិញ នៅពេលដែលកិច្ចដំណើរការនីតិវិធីពាក់ព័ន្ធនឹងឯកសារទាំងនោះ បានចប់សព្វគ្រប់ ។ អង្គជំនុំជម្រះតុលារកំពូល បានស្នើឱ្យអង្គភាពបណ្ណសារអនុវត្តសេចក្តីសម្រេចនេះ និងដាក់បញ្ជីឯកសារដែលត្រូវបានកំណត់ថា ជាឯកសារសាធារណៈទៅក្នុងសំណុំរឿង ៕
ចែករំលែកព័តមាននេះ