ខេត្តកណ្តាល ៖ សពទារិកាមួយដែលទំនងទើបនឹងកើតបាន១យប់ត្រូវបានគេយកមកបោះចោលនៅក្នុងធុងសំរាម ហើយត្រូវបានអ្នករើសអេតចាយប្រទះឃើញកាលពីវេលាម៉ោង១រសៀលថ្ងៃទី៧ កញ្ញា ២០១២ នៅក្នុងធុងសំរាមខាងត្បូងជាប់ផ្សារតាខ្មៅចាស់ ។
ហេតុការណ៍នេះបានធ្វើឱ្យភ្ញាក់ផ្អើលមនុស្សទៅចោមរោមមើលយ៉ាងច្រើនកុះករ ទាំងក្តីសង្វេគ នងមានអ្នកខ្លះបានភ្លាត់មាត់ជេរម្តាយទារិកានោះ ទៀតផង ។ មិនមានប្រភពណាមួយអះអាងថា គេយកសពទារិកានោះមកបោះចោលតាំងពីពេលណាទេ ដោយគេមានការសង្ស័យថា ទារិកានេះអាចត្រូវម្តាយយកមកប្លុងចោលនៅទីនោះតាំងពីនៅរស់ ។ សពទារិកាមានសម្បុរស ទម្ងន់ប្រហែល៤គីឡូក្រាម ច្រមុះស្រួច និងមានស្លៀកសម្លៀកបំពាក់យ៉ាងត្រឹមត្រូវទៀតផង ។ មិនមានប្រភពណាមួយឱ្យដឹងថា មានស្ត្រីសម្រាលកូននៅមន្ទីរពេទ្យ ឬសម្ភពណាមួយនៅក្រុងតាខ្មៅនេះឡើយ តែគេសន្និដ្ឋានថា ទារិកានេះគឺទើបតែកើតកាលពីយប់ថ្ងៃទី៧ កញ្ញា និងមានអ្នកខ្លះថា ទារិកានេះអាចត្រូវម្តាយយកមកប្លុងចោលនៅក្នុងធុងសំរាមតាំងពីនៅរស់ ប៉ុន្តែដោយសារនៅក្នុងថង់ប្លាស្ទិចពណ៌ខ្មៅ ក្តៅខ្លាំងពេកក៏បណ្តាលឱ្យស្លាប់តែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ