រាជធានីភ្នំពេញ ៖ ជាងមាសម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យរយៈពេល២ម៉ោង ខណៈដែលបុរសរូបនោះផឹកទឹកអាស៊ីតសម្រាប់ធ្វើមាស បណ្តាលឱ្យដាច់ពោះវៀនពោះតាំងខៀវពេញពោះអស់ទៅហើយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ សីហា ២០១២ នៅផ្ទះជួលជិតផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលផឹកទឹកអាស៊ីតសម្រាប់ធ្វើមាសសម្លាប់ខ្លួននោះឈ្មោះរ៉េត រិទ្ធី អាយុ២៩ឆ្នាំ ជាជាងមាស ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅអូររាំងឪ ខេត្តកំពង់ចាម ។ បើតាមស្ត្រីជាប្រពន្ធមិនប្រាប់ឈ្មោះជាអ្នកលក់អីវ៉ាន់ចាប់ហួយនៅនឹងផ្ទះជួលនោះឱ្យដឹងថា គាត់ និងប្តីរៀបការបានកូន២នាក់ កូនប្រុសអាយុ៥ឆ្នាំ និងកូនស្រីអាយុ២ឆ្នាំ ហើយប្តីប្រពន្ធរបស់គាត់មិនមានទំនាស់អ្វីនឹងគ្នាទេ រស់នៅជាមួយគ្នាធម្មតា ។
ស្ត្រីជាប្រពន្ធបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្នប្តីរបស់គាត់ធ្វើមាស ចំណែកគាត់លក់អីវ៉ាន់បន្តិចបន្តួចនៅក្នុងផ្ទះជាមួយគ្នា កាលពីព្រឹកមុនពេលកើតហេតុប្តីរបស់គាត់បានជិះម៉ូតូឌុបគាត់ទៅផ្សារទិញម្ហូបតែបុរសជាប្តីមិនបានឈប់នៅរង់ចាំទេ ដោយត្រឡប់ទៅផ្ទះមុន ។ លុះពេលគាត់ទិញម្ហូបអាហាររួចរាល់ហើយទើបមកតាមក្រោយ ខណៈមកដល់ផ្ទះស្រាប់តែគោះទ្វារផ្ទះក៏ឃើញប្តីនៅក្នុងបន្ទប់ទឹកបានប្រាប់ថា គាត់ផឹកទឹកអាស៊ីតសម្រាប់ធ្វើមាសក្តៅក្រហល់ក្រហាយខ្លាំងណាស់ ហើយក្រោយមកបានស្លាប់បាត់បង់ជីវិតតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ