ខេត្តបាត់ដំបង ៖ មន្រ្តីនគរបាលថ្មីថ្នោងម្នាក់បានរត់គេចខ្លួន ក្រោយពេលបើករថយន្តរបស់អង្គភាពបុកក្មេងស្រីម្នាក់ស្លាប់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៧ កញ្ញា នៅចំណុចផ្លូវបែកជា៤ ក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ។មន្រ្តីមូលដ្ឋានរាយការណ៍ថា អ្នកបើករថយន្តបុកក្មេងស្លាប់នោះឈ្មោះ បាន សុផល អាយុ៣៥ឆ្នាំ ជាមន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកសំឡូត ឯក្មេងស្រីរងគ្រោះឈ្មោះបុត្រ ហាយណា អាយុ៦ឆ្នាំ នៅភូមិ-ឃុំខាងលើ និងត្រូវជាចៅស្រីរបស់លោកអភិបាលស្រុកសំឡូតផងដែរ។
ប្រភពដដែលបន្តថា ជនបង្កបានយករថយន្តសីុរ៉ែនរបស់អង្គភាពទៅបើកដោយគ្មានបញ្ជាបេសកកម្មទេ និងបង្កគ្រោះថ្នាក់រហូតដល់ស្លាប់មនុស្ស ហើយត្រូវគេបង្គាប់ឲ្យរត់គេចខ្លួនបាត់ បន្ទាប់ពីបើករថយន្តយកមកទុកក្នុងអធិការដ្ឋាននគរបាលស្រុករួច ។
តាមការបំភ្លឺពីសាក្សីថា រថយន្តបើកក្នុងល្បឿនលឿនពីជើងទៅត្បូង លុះដល់ចំណុចផ្លូវកោង និងបែកជា៤ផង រថយន្តនេះហាក់រកកល់ជ្រុលធ្លាក់ផ្លូវ ។ គ្រានោះអ្នកបើកបរជាន់ហ្រ្វាំងជាប់ ធ្វើឲ្យរថយន្តវិលខ្លួនបោកគូទទៅលើក្មេងស្រីរងគ្រោះពេញទំហឹង ដែលឈរចម្ងាយពីចិញ្ចើមផ្លូវប្រហែល២ម៉ែត្រ បណ្ដាលឲ្យបាក់ឆ្អឹងខ្នងស្លាប់មួយរំពេច ។ សាក្សីបញ្ជាក់ថា អ្នកជិះក្នុងរថយន្តមានតែអ្នកបើកបរម្នាក់ទេ ប៉ុន្តែរថយន្តនោះហាក់ដូចជាមានផ្ទុករបស់អ្វីម្យ៉ាងនៅក្នុងឃ្លុបគូទខាងក្រោយ ព្រោះពេលបើកបរមើលទៅដូចជាធ្ងន់ក្រោយ ហើយបះក្បាល ។
ម្យ៉ាងទៀតតាមការពិនិត្យអ្នកបើកបររថយន្តនេះហាក់មានអាថ៌កំបាំងអ្វីមួយនៅក្នុងរថយន្តនេះ ព្រោះពេលបុកមនុស្សស្លាប់ភ្លាម ជនប្រព្រឹត្តបានព្យាយាមបើកគេចបាត់ លុះក្រោយមកទើបឮថា ជននេះបើករថយន្តទៅទុកក្នុងអធិការដ្ឋានស្រុកវិញ ។ជុំវិញបញ្ហានេះលោក ជ័យ ដារ៉ា អនុប៉ុស្ដិ៍តាសាញ បានឱ្យដឹងថា រថយន្តនោះពិតជាបើកលឿនហួសហេតុមែន លោកបន្តថា ក្មេងស្រីនោះត្រូវរថយន្តបោកខ្ទាតពីចំណុចកើតហេតុជាង២០ម៉ែត្រ ហើយបានស្លាប់ភ្លាមតែម្ដង ។
លោក លី ប៊ួយ អធិការនគរបាលស្រុកសំឡូតបានបំភ្លឺថា គាត់បានប្រើឲ្យមន្រ្តីឈ្មោះបាន សុផល នេះបើករថយន្តទៅចាក់សាំង តែមិនដឹងយ៉ាងម៉េចបានជាបើករថយន្តទៅបង្កគ្រោះថ្នាក់បែបនេះ។ ដោយឡែកប្រភពពីមន្រ្តីក្រោមឱវាទខ្លះអះអាងថា នៅកន្លែងគ្រោះថ្នាក់គ្មានស្ថានីយប្រេងដែលត្រូវយករថយន្តទៅចាក់សាំងនៅទីនោះទេ។ គេសង្ស័យអ្នកបើកបរដ៏ជំនិតរបស់លោកអធិការរូបនេះចេញទៅដឹកអ្វីផ្សេងនៅទីនោះ ទើបបើកបរលឿនដូចហោះបង្កការគ្រោះថ្នាក់បែបនេះ។
ទោះជាយ៉ាងណាគេមិនដឹងថា តើលោកអធិការស្រុកសំឡូតចាត់ការបែបណាចំពោះមន្រ្តីជំនិតរបស់ខ្លួនដែលបើករថយន្តរបស់អង្គភាពបុកមនុស្សស្លាប់នោះទេ ព្រោះពេលនេះត្រូវគេបង្គាប់ឲ្យដាក់មេប្រូចបាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ