ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលទើបចូលថ្មីម្នាក់ដែលគេដឹងថា ជាដៃស្តាំរបស់លោកអធិការស្រុកសំឡូត ត្រូវគេបង្គាប់ឱ្យគេចខ្លួនក្រោយពីបើករថយន្តរបស់អង្គភាពបុកក្មេងស្រីម្នាក់ស្លាប់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៧ កញ្ញា នៅចំណុចផ្លូវបែកជា៤ ស្ថិតក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ។
អ្នកបើករថយន្តបុកមនុស្សស្លាប់នោះឈ្មោះបាន សុផល អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសំឡូត និងជាដៃស្តាំដ៏ជំនិតរបស់លោកលី ប៊ួយ អធិការស្រុកទៀតផង ។ ឯក្មេងស្រីរងគ្រោះឈ្មោះបុត្រ ហាយណា អាយុ៦ឆ្នាំ នៅភូមិ-ឃុំខាងលើ និងត្រូវជាចៅស្រីរបស់លោកអភិបាលស្រុកសំឡូតផងដែរ ។ ប្រភពព័ត៌មានឱ្យដឹងថា ជនបង្កបានយករថយន្តស៊ីរ៉ែនរបស់អង្គភាពទៅបើក ដោយគ្មានបញ្ជាបេសកកម្មទេ ទៅបង្កគ្រោះថ្នាក់រហូតដល់ស្លាប់មនុស្ស ហើយត្រូវគេបង្គាប់ឱ្យរត់គេចខ្លួនបាត់ បន្ទាប់ពីបើករថយន្តយកមកទុកក្នុងអធិការដ្ឋាននគរបាលស្រុករួច។
សាក្សីឱ្យដឹងថា រថយន្តបើកក្នុងល្បឿនលឿនហួសកម្រិតពីជើងទៅត្បូង លុះដល់ចំណុចផ្លូវកោង និងបែកជា៤ រថយន្តនេះហាក់ចង់ជ្រុលធ្លាក់ផ្លូវ ។ គ្រានោះអ្នកបើកបរជាន់ហ្វ្រាំងជាប់ធ្វើឱ្យរថយន្តវិលបោកគូទក្រោយទៅលើក្មេងស្រីរងគ្រោះពេញទំហឹងដែលឈរចម្ងាយពីចិញ្ចើមផ្លូវប្រហែល២ម៉ែត្រ បណ្តាលឱ្យនាងដួលស្លាប់ភ្លាមៗដោយបាក់ឆ្អឹងខ្នង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ