ខេត្តស្ទឹងត្រែង ៖ ជនជាតិវៀតណាម២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ ខណៈពួកគេកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តមា៉កកាមរីគូទហើម មួយគ្រឿង បើកបរក្នុងស្ថានភាពស្រវឹងរេចង្កូតទៅបុកពីក្រោយពេញទំហឹង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ រីឯរថយន្តបង្កបើករត់គេចបានប្រមាណជាង២គីឡូម៉ែត្រក៏ទុករថយន្តចោលគេចខ្លួនបាត់ស្រមោល ។ ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី៥ កញ្ញា នៅត្រង់ចំណុចកែងរបងស្នងការដ្ឋាននគរបាលខេត្ត ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉៉ូតូមា៉កសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៦ មួយគ្រឿងជិះគ្នាពីរនាក់ប្តីប្រពន្ធជាជនជាតិវៀតណាម បើកពីជើងទៅត្បូង លុះមកដល់ចំណុចកែងរបងស្នងការដ្ឋានខេត្ត ស្រាប់តែរថយន្តមួយគ្រឿងម៉ាកកាមរីគូទហើម ពណ៌ស្លាបក្អែក បើកបរដោយក្មេងស្ទាវ៣-៤នាក់ ក្នុងសភាពស្រវឹងក្នុងល្បឿនលឿន បានរេចង្កូតទៅបុកចំពីក្រោយម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឱ្យស្ត្រីជាប្រពន្ធខ្ទាតទៅបុកនឹងកញ្ចក់រថយន្តបែកក្បាលរួចធ្លាក់មកក្រោមត្រូវរថយន្តកិនបាក់ជើងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងត្រូវបានបញ្ជូនបន្តយកទៅសង្គ្រោះនៅប្រទេសវៀតណាម ។ ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានគេស្គាល់ថា ឈ្មោះ ចយ ក្រោយពីបុកម៉ូតូរួចក៏បើករថយន្តហួសដល់ផ្ទះសំណាក់មេគង្គបត់ស្តាំទំនងជាភ័យស្លន់ស្លោ ក៏ទុករថយន្តចោលរួចនាំគ្នារត់បាត់ស្រមោលតែម្តង ។
មន្ត្រីនគរបាលចរាចរឲ្យដឹងថា ជនរងគ្រោះជនជាតិវៀតណាម២នាក់ប្តីប្រពន្ធដែលរថយន្តបុកនោះប្តីឈ្មោះលឹម ប៊ុនចាន់ អាយុ៤១ឆ្នាំ រងរបួសដៃឆ្វេង ជាំឆ្អឹងជំនីរខាងស្តាំ និងរលាត់កែងដៃស្តាំ ជាអ្នកបើកម៉ូតូ ចំណែកប្រពន្ធឈ្មោះ ឡាំ អូសៃ អាយុ៣៥ឆ្នាំមានជាអ្នកលក់ត្រីក្នុងផ្សារខេត្តស្ទឹងត្រែង រងរបួសបាក់ភ្លៅខាងស្តាំ បែកថ្ងាស និងរយះស្មាឆ្វេង ។ ទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ ចំណែករថយន្តបង្ក ក្រោយកើតហេតុ ក៏បើករត់គេចបានជាង២គីឡូមែ៉ត្រក៏ទុករថយន្តចោល ហើយគេចខ្លួនបាត់តែម្តង តែត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ។ ម៉ូតូនិងរថយន្តបង្កត្រូវនគរបាលចរាចរជើងគោកអូសយកទៅរក្សាទុកនៅការិយាល័យដើម្បីដោះស្រាយជាក្រោយ ៕
ចែករំលែកព័តមាននេះ