ខេត្តកំពង់ចាម៖ ទោះបីជាច្បាប់ចរាចរណ៍ ផ្លូវគោកត្រូវបានរឹតបន្តឹងយ៉ាងណាក្តី ក៏គេសង្កេតឃើញមានអ្នកបើករថយន្តឈ្នួលមួយចំនួននៅតែផ្គើនមិនគោរពច្បាប់ដដែល ។ ជាក់ស្តែងនៅរសៀលថ្ងៃទី៥ កញ្ញា មានរថយន្តទួរីសមួយគ្រឿងដឹកសំពីងសំពោងខ្ពស់ចុងឈើ បើកលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងឃុំផ្អាវ ស្រុកបាធាយ ហាក់ដូចជាមិនខ្លាចគ្រោះថ្នាក់បន្តិចសោះ ។
តាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា បានប្រទះឃើញរថយន្តមួយគ្រឿង ប្រភេទទួរីសដឹកអ្នកដំណើរនិងផ្ទុកអីវ៉ាន់សំពីងសំពោង នៅលើដំបូលរថយន្តឈ្នួលដោយមានផ្ទុកកង់ជាច្រើនគ្រឿងកម្ពស់ចុងឈើ ហើយនៅខាងក្រោយមានសម្បកកង់រថយន្តធំៗ ព្រមទាំងដឹកដែកបន្ទះ ជ្រុងឡើងពៀបរថយន្តស្ទើរតែកោសនឹងថ្នល់ជាតិ ចំណែកនៅក្នុងរថយន្តវិញមានអ្នកដំណើរជិះជាច្រើននាក់ ។ រថយន្តនេះធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើតត្រូវបានសង្ស័យថា ចេញពីរាជធានីភ្នំពេញ និងបានឆ្លងកាត់ក្រោមខ្សែភ្នែកសមត្ថកិច្ចយ៉ាងរំភើយពុំមានប៉ូលិសចរាចរណាអន្តរាគមន៍ទេ ។ រថយន្តដឹកសំពីងសំពោងបែបនេះងាយនឹងបង្កគ្រោះថ្នាក់ចរាចរណ៍បំផុត ។
គួរបញ្ជាក់ថា នាពេលកន្លងមកនគរបាលចរាចរផ្លូវគោក បានបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់រថយន្តតូចធំសំពីងសំពោងទាំងនៅត្រើយខាងកើតនិងត្រើយខាងលិចទន្លេមេគង្គដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ប៉ុន្តែនៅតែទប់ស្កាត់មិនបាន ៕
ចែករំលែកព័តមាននេះ