ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្ត បានលើកឡើងថា សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងត្រីមាសទី៣ ឆ្នាំ២០១២ គឺបទល្មើសថយចុះគួរឱ្យកត់សម្គាល់ ក្នុងនោះបទល្មើសឧក្រិដ្ឋកើតមាន៦លើកលើ១០លើក បទល្មើសមជ្ឈិមកើតមាន៣លើកលើ៧លើក ។ រាល់បទល្មើសដែលកើតឡើងយើងចេញបង្ក្រាបទទួលបានលទ្ធផលល្អប្រសើរ ចាប់ជនសង្ស័យបញ្ជូនទៅសាលាដំបូងខេត្តបានជាច្រើននាក់ ។
លោកឧត្តមសេនីយ៍ស្នងការបានលើកឡើងបែបនេះ ក្នុងឱកាសប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១២ នៅសាលាប្រជុំ«ខ» នៃស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ ដោយមានការចូលរួមពីសំណាក់លោក-លោកស្រី ជាស្នងការរង នាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុង និងលោកមេបញ្ជាការនគរបាលវរសេនាតូចទាំង៤ ។ លោកឧត្តមសេនីយ៍ត្រី ស្នងការបានថ្លែងអំណរគុណកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ធ្វើឱ្យបទល្មើសមានការថយចុះគួរឱ្យមោទនភាព ។ នេះបញ្ជាក់ឱ្យឃើញពីកិច្ចប្រឹងប្រែងរបស់អស់លោកជាថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាព ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលគ្រប់ស្រុក-ក្រុង ។
ក្នុងទិសដៅបន្តសម្រាប់ត្រីមាសទី៤ លោកស្នងការបានមានប្រសាសន៍ណែនាំដល់គ្រប់បណ្តាអង្គភាព ការិយាល័យជំនាញនគរបាលកណ្តាលយុត្តិធម៌ និងគ្រប់អធិការដ្ឋាននគរបាលស្រុក-ក្រុង ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត ធ្វើយ៉ាងណាទប់ស្កាត់រាល់បទល្មើសដែលកើតឡើង និងត្រូវមានវិធានការបង្ការជានិច្ច ព្រោះកម្លាំងនគរបាលជាតិមានតួនាទីការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ លោកស្នងការបានជំរុញលើការងារអនុវត្តដីកាស្រាវជ្រាវមុខសញ្ញាចាស់ ថ្មី និងគ្រប់មុខសញ្ញាចេញពីពន្ធនាគារ ។ គ្រប់អង្គភាពត្រូវរៀបចំបញ្ជីឈ្មោះកម្លាំងនគរបាលដែលមានភារកិច្ចការពារក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០១៣ខាងមុខនេះ ។
ជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និងបន្តការងារវេទិកាសាធារណៈ ផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសគឺផ្សព្វផ្សាយពីគោលនយោបាយចំនួន៤ចំណុច ដែលមានបន្ថែមលើ៥ចំណុចរបស់ភូមិ ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ