រាជធានីភ្នំពេញ ៖ រថយន្ត Tundra ពណ៌ទឹកប្រាក់ មួយគ្រឿងបើកដោយបុរសចំណាស់ម្នាក់បានបោលទៅបុករនាំងដែកចែកផ្លូវទាំងព្រឹកបាក់អស់៦ផ្ទាំង ដោយអ្នកបើកបរអះអាងថា មកពីគេចពីម៉ូតូក្នុងទិសដៅស្របគ្នាកាលពីវេលាម៉ោង៨និង៥នាទីព្រឹកថ្ងៃទី៧ កញ្ញា ២០១២ នៅចំណុចមុខផ្សាររតនា ផ្លាហ្សា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប៉ូលិសចរាចរជើងគោករាជធានីប្រចាំការនៅស្តុបផ្សារដីហុយឱ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កបានធ្វើចរាចរណ៍ពីលិចទៅកើតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងល្បឿនលឿនគួរសម ក៏មកបុករនាំងដែកចែកផ្លូវនៅចំណុចខាងលើតែម្តង ។ ប៉ូលិសបានឱ្យដឹងបន្តទៀតថា រនាំងដែកចំនួន៥ផ្ទាំងបានបាក់ដួលរាបដល់ដី និង១ផ្ទាំងទៀត ដោយគ្រាន់តែវៀចតែប៉ុណ្ណោះ ។ ចំណែកម្ចាស់រថយន្តដែលមិនប្រាប់ពីអត្តសញ្ញាណបានឱ្យដឹងថា រថយន្តបានគេចពីម៉ូតូក្នុងទិសដៅស្របគ្នាក៏ជ្រុលទៅបុករនាំងដែកចែកផ្លូវបាក់តែម្តង ។ ទោះបីជាបែបណាប៉ូលិសចរាចរជើងគោកបានស្ទួចរថយន្តយកទៅរក្សាទុកនៅការិយាល័យ ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ