ខេត្តស្ទឹងត្រែង ៖ ឈើប្រណីតនៅតំបន់ព្រៃឡង់ដែលមានព្រំប្រទល់ជាប់នឹងខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង កំពុងរងការវិនាស បន្ទាប់ពីក្រុមឈ្មួញអ្នករកស៊ីឈើកំពុងធ្វើការកាប់បំផ្លាញ និងដឹកជញ្ជូនយកមកលក់ឱ្យឈ្មួញវៀតណាម ដោយដឹកឆ្លងកាត់ខេត្តក្រចេះ ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនៅតំបន់នោះ ។
ទោះបីជាមានការបង្ក្រាបជាញឹកញាប់ពីមន្ត្រីជំនាញយ៉ាងណាក៏ដោយ ក៏ជំនួញឈើប្រណីតនៅស្រុកថាឡាបរិវ៉ាត់ នៅតែបន្តកើតមានជារៀងរាល់យប់ហាក់បីដូចជាការបង្ក្រាបគ្រាន់តែធ្វើមួយគ្រា ដើម្បីឱ្យក្រុមអ្នករកស៊ីឈើរត់រកសមត្ថកិច្ចប៉ុណ្ណោះ ដែលមិនខុសពីគោះស្មៅបង្អើលពស់ ។
ប្រភពមួយបានឱ្យដឹងថា នាពេលបច្ចុប្បន្នការដឹកឈើចេញពីតំបន់ព្រៃឡង់នៃព្រំប្រទល់ខេត្តទាំង៤ អ្នករកស៊ីឈើបានប្រើរូបភាពដឹកតាមរទេះក្របី ចេញពីភូមិសាស្ត្រខាងលើយកមកទម្លាក់ នៅមាត់ច្រាំងទន្លេ ចំណុចភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ដែលយ៉ាងហោចណាស់ក្នុង១យប់មានប្រហែលជា៥ទៅ១០រទេះដែរ ។ ជាក់ស្តែងកាលពីថ្ងៃទី១ កញ្ញា កន្លងមក មានមេឈ្មួញម្នាក់ឈ្មោះ ចូច រស់នៅភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ បានធ្វើសកម្មភាពដឹកឈើប្រណីតប្រភេទឈើបេងប្រមាណជិត១០រទេះក្របី ចេញពីតំបន់ព្រៃឡង់ជាប់ភូមិផ្អាវ ឃុំអន្លង់ភេ ក្នុងទឹកដីស្រុកថាឡាបរិវ៉ាត់ យកមកទម្លាក់ចូលក្នុងទឹកអូរ ត្រង់ចំណុចអន្លង់ម្កាក់ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ទាំងយប់ដោយមានមន្ត្រីប៉ូលិសម្នាក់ជាអ្នកកាង ចំណែកសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត មិនហ៊ានមកក្បែរឡើយ ។
នៅថ្ងៃដដែលនោះដែរ លោកវ៉ា សុខា នាយរងផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បានឆ្លើយតបការសុំបំភ្លឺថា លោកសុំទោសព្រោះលោកមិនបាននៅកន្លែងទេដោយជាប់រវល់ចុះទៅធ្វើការងារនៅកំពង់ស្រឡៅ សូមសួរទៅលោកសុខ ភិត នាយផ្នែករបស់លោកវិញទៅ ។ជុំវិញករណីនេះ មន្ត្រីប៉ូលិសដែលជាប់ចោទជាអ្នកកាងឈើត្រូវបានទំនាក់ទំនងសាកសួរ កាលពីរសៀលថ្ងៃទី៤ កញ្ញា និងបានឆ្លើយតាមទូរស័ព្ទមួយម៉ាត់យ៉ាងខ្លីថា អត់មានករណីកាងឈើដូចការចោទប្រកាន់នោះឡើយ ។
គេនិយាយថា ការកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ យកមកកាន់ស្រុកថាឡាបរិវ៉ាត់ និងទម្លាក់នៅមាត់ច្រាំងទន្លេក្នុងភូមិអូរត្រែល ហើយបន្តដឹកតាមកាណូតយកទៅខេត្តក្រចេះជារៀងរាល់យប់ គឺពុំមានការរំខានដល់សមត្ថកិច្ចជំនាញឡើយ ។ គេមិនដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់មិនដឹងប្រាកដមែន ឬដឹងដែរតែធ្វើជាមិនដឹងនោះទេហើយរាល់ពេលសាកសួរក្រុមមន្ត្រីជំនាញទាំងនោះតែងឆ្លើយយករួចខ្លួនរហូតដែលបង្ហាញថា មិនមានស្មារតីទទួលខុសត្រូវ ៕
ចែករំលែកព័តមាននេះ