ខេត្តស្វាយរៀង ៖ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាកអំពីជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅតាមទីជនបទ សំខាន់ឆ្លើយតបចំពោះបញ្ហាប្រឈម និងភាពងាយរងគ្រោះរបស់កុមារនោះ អង្គការកូនក្មេង (Kone Kmeng) ដែលមានការិយាល័យកណ្តាលប្រចាំនៅខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ បានផ្តល់អណ្តូងទឹកចំនួន១១ដល់ប្រជាពលរដ្ឋក្រីក្រដែលកំពុងរស់នៅក្នុងភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រំ ។
លោក ប៉ាង សុផានី នាយកអង្គការកូនក្មេងបានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០១២ អង្គការកូនក្មេងប្រចាំខេត្តស្វាយរៀងបានផ្តល់អណ្តូងទឹកចំនួន៧៧ បង្គន់អនាម័យចំនួន៧៩បង្គន់ ព្រមទាំងធុងចម្រោះទឹកស្អាតចំនួន១៥០ ដល់ប្រជាពលរដ្ឋក្រីក្ររស់នៅតាមជនបទនៃខេត្តស្វាយរៀង និងខេត្តព្រៃវែង ។ លោកបញ្ជាក់ថា ស្រុក-ក្រុងចំនួន៤ ក្នុងខេត្តស្វាយរៀង គឺក្រុងស្វាយរៀង, ស្រុកកំពង់រោទ៍,ស្រុកស្វាយជ្រំ និងស្រុករមាសហែក ទទួលបាននូវគម្រោងខាងលើ ។ ចំណែកស្រុកចំនួន២ក្នុងខេត្តព្រៃវែង គឺស្រុកកំពង់ត្របែក និងស្រុកបាភ្នំ ក៏ទទួលបានគម្រោងដូចគ្នានេះដែរ ។
លោកនាយកអង្គការកូនក្មេងបានបន្ថែមថា ក្នុងរយៈពេល៣ឆ្នាំនៃការអនុវត្តគម្រោងរបស់ខ្លួន អង្គការកូនក្មេងបានផ្តល់អណ្តូងទឹកដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣០០ បង្គន់អនាម័យចំនួន២០០ និងធុងចម្រោះទឹកស្អាតចំនួន២.១២០ នៅទូទាំងប្រទេស ។ ដោយឡែកកាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០១២អង្គការកូនក្មេងបានផ្តល់អណ្តូងទឹកចំនួន១១ដល់ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលពួកគាត់កំពុងជួបការលំបាក ក្នុងការស្វែងរកទឹកស្អាត ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ។ ក្រៅពីផ្តល់អណ្តូងទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ អង្គការកូនក្មេងក៏បានផ្តល់អណ្តូងទឹក សម្រាប់ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋស្រុកស្វាយជ្រំ ដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួតផងដែរ ។
ប្រជាពលរដ្ឋដែលទទួលបានអណ្តូងទឹក បានសម្តែងនូវក្តីសប្បាយរីករាយ និងអរគុណអង្គការកូនក្មេងដែលយកចិត្តទុកដាក់គិតគូរ
ដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ ។ ប្រជាពលរដ្ឋសុំឲ្យអង្គការនេះបន្តជួយដល់ប្រជាពលរដ្ឋក្រីក្រលំបាកដទៃទៀត ព្រោះសកម្មភាពនេះបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រទេសស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕
ចែករំលែកព័តមាននេះ