រាជាធានីភ្នំពេញ ៖ លោកស្រីឈិន សុគន្ធារី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឡាយីម៉ិចហូលឌីងគ្រុប បានសម្តែងការស្វាគមន៍យ៉ាងខ្លាំងចំពោះការបើកទ្វារឱ្យមានការដោះស្រាយរឿងទំនាស់ដីពោងពាយរវាងក្រុមហ៊ុន និងរដ្ឋស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងជាឱឡារិកនៅមជ្ឈមណ្ឌលសន្និសីទកោះពេជ្រកាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ២០១២ កន្លងទៅ ។ ប៉ុន្តែតាមរយៈការចេញផ្សាយក្នុងសារព័ត៌មាន«កោះសន្តិភាព»ម្សិលមិញនោះលោកស្រីនៅមានការព្រួយបារម្ភដោយសារតែមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានពោលពាក្យគំរាមដាក់គុកនៅមុនពេលមានការដោះស្រាយដែលជាបញ្ហាមួយធ្វើឱ្យលោកស្រី ដែលជាស្ត្រីភេទទន់ខ្សោយ និងជាប្រជាពលរដ្ឋតូចតាចមានការភ័យខ្លាចយ៉ាងខ្លាំង ហើយគិតថាការដោះស្រាយរឿងនេះពុំមានតម្លាភាព និង ភាពយុត្តិធម៌ទេ ។
ទន្ទឹមនេះមានពាក្យចចាមអារ៉ាមថា សាលារាជធានីភ្នំពេញ ឬរាជរដ្ឋាភិបាលចង់យកដីទំនាស់នេះទៅឱ្យឧកញ៉ាម្នាក់ជាសេដ្ឋីជាថ្នូរនឹងការស្ថាបនាកីឡដ្ឋានដ៏ស្កឹមស្កៃមួយខ្នាតអន្តរជាតិនៅម្តុំចុងស្ពានព្រែកព្នៅ ផ្នែកខាងកើតក្នុងតំបន់របស់ឧកញ៉ាលី យ៉ុងផាត់ គ្រប់គ្រងនោះរឹតតែធ្វើឱ្យលោកស្រីគិតថា ការដោះស្រាយនេះពុំមានភាពរលូនស្របតាមច្បាប់ឡើយ។ ដូច្នេះមានតែសំណូមពរសុំឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយធ្វើអន្តរាគមន៍ដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋទន់ខ្សោយផង ។
លិខិតបញ្ជាក់លេខ២៧១៣ល.ប ចុះថ្ងៃទី៩ កក្កដា ឆ្នាំ២០១២ លោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានបញ្ជាក់ថា ដីនិងផ្ទះដែលមានទំហំសរុប៣៤ហិកតា២២អា៣.៦៨៩ ស្មើនឹង ៣៤២.២៣៦,៨៩ម៉ែត្រការ៉េ ដែលមានព្រំប្រទល់ខាងត្បូងជាប់ផ្លូវលេខ១៩២៨ជាប់ព្រំ ជា សាវ៉ាន ឈិត ប៊ុនណារិទ្ធ យ៉ុង វ៉ានយ៉ង់ ស៊ូ អេង ខាងជើងជាប់ព្រំរបងថ្ម និងទំនប់ខាងលិចជាប់ព្រំរបងថ្មម៉ក់ គឹមហុង ជាប់ព្រំហ៊ុន ប៊ុនធឿន-ជ្រោយ សោ-ជៀប សារិន ខាងកើតជាប់នឹងប្រឡាយដូចមានបង្ហាញក្នុងគំនូសប្លង់ដីលេខ០៤៦ល.បស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពិតជាដីរបស់ក្រុមហ៊ុនឡាយីម៉ិច ហូលឌីងគ្រុប តំណាងដោយឈ្មោះឈិន សុគន្ធារី បានប្រមូលទិញពីប្រជាពលរដ្ឋដែលកាន់កាប់គ្រប់គ្រងប្រើប្រាស់និងអាស្រ័យផល តាំងពីឆ្នាំ១៩៧៩មកម៉្លេះហើយដីនេះភាគខ្លះជាដីលំនៅស្ថាន ដីស្រែប្រាំង និងដីចម្ការឈូករហូតដល់ឆ្នាំ១៩៩៩ បានផ្ទេរសិទិ្ធកាន់កាប់ដីធ្លីជាបន្តបន្ទាប់មកឱ្យក្រុមហ៊ុនឡាយីម៉ិច ហូលឌីងគ្រុបតំណាងដោយឈ្មោះឈិន សុគន្ធារី កាន់កាប់គ្រប់គ្រងបន្តរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានចាក់ដី និងបានបង់ពន្ធលើអចលនទ្រព្យរួចជាស្រេចជូនរដ្ឋ ។
ទាក់ទិននឹងបញ្ហានេះលោកស្រីឈិន សុគន្ធារីបានអះអាងថា នៅថ្ងៃទី៤ ឧសភា ឆ្នាំ២០០៥ ក្រុមហ៊ុនបានធ្វើសំណើរសុំធ្វើប័ណ្ណកាន់កាប់ដីធ្លីទៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញម្តងរួចមកហើយ និងក្រុមហ៊ុនបានដាក់ពាក្យស្នើសុំជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ ។ ចំពោះការស្នើសុំនេះសាលារាជធានីភ្នំពេញបានចេញលិខិតឆ្លើយតបលេខ១៣៨ឆត.សមចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៥ឱ្យក្រុមហ៊ុនរង់ចាំការធ្វើប្រឡាយមេខាងជើងនិងស្ថានីយបូមទឹកកប់ស្រូវហើយសិនតែឥឡូវនះបានសាងសង់រួចរាល់ជាស្ថាពរអស់ហើយ ។
យោងតាមលិខិត៦២៨ សជណ ចុះថ្ងៃទី២០ មេសា ឆ្នាំ២០០៥ ដែលកំណត់ផ្ទៃបឹងទំហំ១៥៧ហិកតា ឥឡូវនេះរក្សាទុកតែ២០ហិកតា ហើយ២០ហិកតា នេះទៀតសោតរក្សាទុកតែតំបន់ជ្រៅនិងលិចទឹកជាប្រចាំតែប៉ុណ្ណោះ ឃើញថាខុសពីដីក្រុមហ៊ុនដែលជាដីគោកជាប់ផ្លូវកៅស៊ូលេខ១៩២៨ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លិខិតលេខ៦៩៩ ធទឧ ចុះថ្ងៃទី៣ មេសា ឆ្នាំ២០១២ របស់ក្រសួងធនធានទឹក និងឧតុនិយមត្រង់ចំណុចIII-ក-ការរក្សាទុកផ្ទៃបឹងដោយមានចំណារឯកភាពពីសម្តេចនាយករដ្ឋមន្ត្រីចុះថ្ងៃទី៩ មេសា ឆ្នាំ២០១២ បានកំណត់យ៉ាងច្បាស់ថា ជាសរុបមកតំបន់បឹងពោងពោយនៅសល់ផ្ទៃអាងស្តុកទឹកសរុបចំនួន៥៣,៥១ហិកតាដែលក្នុងនោះមាន៖
១-ផ្ទៃបឹងពោងពាយខាងត្បូងទំហំ៧,៥១ហិកតា
២-ប្រឡាយមេនាំទឹកដែលមានស្រាប់មានទំហំ២៦ហិកតា និង
ទី៣-បឹងពោងពាយខាងជើងដែលត្រូវរក្សាទុក២០ហិកតា(ជាចំណុចដូចសម្តេចនាយករដ្ឋមន្ត្រីធ្លាប់លើកឡើងកន្លងមកថា ជាតំបន់ជ្រៅនិងលិចទឹកជាប្រចាំ) ។
ដូច្នេះយោងតាមលិខិតនេះនិងការកំណត់ព្រំបឹង ព្រមទាំងធ្វើប្រឡាយបានបញ្ចប់ជាផ្លូវការហើយនោះបញ្ជាក់ឱ្យឃើញថា ដីក្រុមហ៊ុនពុំមានពាក់ព័ន្ធនឹងដីបឹងទេ ដូច្នេះលោកស្រីឈិន សុគន្ធារី បានសំណូមពរឱ្យអាជ្ញាធរកាត់ដីដែលមានទំហំជាង៣៤ហិកតា ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាកម្មសិទិ្ធរបស់ក្រុមហ៊ុនឡាយីម៉ិច ហូលឌីងគ្រុប ចេញពីអនុក្រិត្យលេខ១០១ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ ស្តីពីការកំណត់ផ្ទៃបឹងពោងពាយខាងជើង និងពោងពាយខាងត្បូង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋដើម្បីក្រុមហ៊ុនមានលទ្ធភាពក្នុងការអភិវឌ្ឍន៍យ៉ាងឆាប់នាពេលខាងមុខនេះ ស្របតាមប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន ដែលបានថ្លែងថា«ប៉ុន្តែបើប៉ះពាល់ជាមួយដីរដ្ឋ យើងដោះស្រាយ ជូន ព្រោះដោយសារគាត់កាន់កាប់អត់ត្រូវច្បាប់ហ្នឹងហើយ ទើបយើងទៅតម្រង់ច្បាប់ឲ្យគាត់ប្រគល់ដីឲ្យគាត់ ពាក់ព័ន្ធនឹងដីបរិស្ថានយើងកាត់ឲ្យគាត់ពាក់ព័ន្ធនឹងដីក្រុមហ៊ុនដែលមិនទាន់ដាំដុះ យើងកាត់ឲ្យគាត់វាមិនបញ្ហាទេ..»។
នៅថ្ងៃទី៩ កក្កដា ក្រុមហ៊ុនបានដាក់លិខិតស្នើជូនទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំអភិវឌ្ឍន៍និងសុំការចេញប័ណ្ណសម្គាល់កម្មសិទិ្ធរឹងចំពោះដីរបស់ខ្លួន ឱ្យបានស្មើមុខនឹងម្ចាស់ដីឬក្រុមហ៊ុនដទៃទាំងនោះ ហើយសម្តេចបានធ្វើចំណារណែនាំឱ្យលោករដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ពិភាក្សាជាមួយលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដើម្បីផ្តល់មតិ។ ប៉ុន្តែចាប់តាំងពីពេលនោះរហូតមកទល់ពេលនេះ ពុំឃើញមានការផ្តល់មតិឡើយ ស្រាប់តែលេចចេញអនុក្រិត្យលេខ១០១ចុះថ្ងៃទី១០ កក្កដា ឆ្នាំ២០១២ ហើយបន្ទាប់មកឃើញមានការចុះវាស់វែងដីនៅតំបន់នោះឈានដល់ការឃាត់ខ្លួនកម្មករ៥នាក់ដែលកំពុងឈូសពង្រាបលើដីរបស់ក្រុមហ៊ុនទៅវិញ ៕
ចែករំលែកព័តមាននេះ