ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​​គណៈ​កម្មា​ធិ​ការ​​សម្រាប់​​ការ​អភិវឌ្ឍ​​តាម​បែប​ប្រជា​ធិ​បតេយ្យ​​នៅ​ថ្នាក់​ក្រោម​​ជាតិ

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានបើក​កិច្ច​ប្រជុំ​លើកទី៧នៅ​សាលប្រជុំទីស្តីការ​ក្រសួង​មហា​ផ្ទៃកាលពីព្រឹកថ្ងៃទី៦ ​កញ្ញា ​ក្រោមអធិ​បតី​ភាព​លោកឧបនាយករដ្ឋមន្រ្តី ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប និង​លោក​​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រាជធានី​ភ្នំពេញ ៖​​ ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានបើក​កិច្ច​ប្រជុំ​លើកទី៧នៅ​សាលប្រជុំទីស្តីការ​ក្រសួង​មហា​ផ្ទៃកាលពីព្រឹកថ្ងៃទី៦ ​កញ្ញា ​ក្រោមអធិ​បតី​ភាព​លោកឧបនាយករដ្ឋមន្រ្តី ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប និង​លោក​​ឧបនាយករដ្ឋមន្ត្រី  គាត ឈន់ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកឧបនាយករដ្ឋមន្រ្តី​ ស​ ខេង ​បាន​ថ្លែង​ក្នុងពិធីបើកកិច្ច​ប្រជុំ​ថា​ ជារួមអាចវាយ​តម្លៃ​បាន​ថា​សកម្មភាព និង​សមិទ្ធផល​ដែល​សម្រេច​បាន​នៅ​​ក្នុង៨​ខែ​ដើម​ឆ្នាំ២០១២នេះ គឺជាវឌ្ឍនភាព​ដ៏សំខាន់មួយ​បន្ថែម​ទៀតក្នុងការជំរុញ​ឲ្យដំណើរ​ការ​កំណែ​ទម្រង់​ការ​អភិវឌ្ឍតាមបែប​ប្រជាធិ​ប​តេយ្យ​នៅ​ថ្នាក់​ក្រោមជាតិអាច​បោះជំហាន​ទៅ​មុខ​​ស្រប​តាម​ទស្សនវិស័យនៃគោល​នយោ​បាយ​យុទ្ធ​សាស្ត្រ និងគោលការណ៍​នានា​ដែលបាន​កំណត់​​​នៅ​ក្នុងក្របខណ្ឌ​យុទ្ធសាស្រ្ត​ស្តីពីកំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ ​ច្បាប់រៀប​ចំអង្គការ​ និងកម្មវិធីជាតិ​រយៈ​ពេល១០ឆ្នាំ ។

ក្នុងរបៀបវារៈ​នៃ​កិច្ចប្រជុំនេះ​លេខា​ធិការ​ដ្ឋាន គ.ជ.អ.ប​ ​រាយ​ការណ៍អំពីវឌ្ឍនភាព និង​បញ្ហាប្រឈម​នៃ​កិច្ចដំណើរការកំណែ​ទម្រង់​នៅក្នុងឆមាស​ទី១​នៃឆ្នាំ២០១២នេះ ។ ទន្ទឹម​នឹងការ​សម្រេច​បាន​នូវ​វឌ្ឍនភាពគួរ​ជាទីមោទនៈ​នេះក៏នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែលត្រូវ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់ដោះស្រាយ​ដើម្បី​ជំរុញ​ឲ្យ​កិច្ចដំណើរ​ការ​កំណែទម្រង់សម្រេច​បាននូវ​គោល​ដៅ​រយៈ​ពេល​វែង​ដែលបាន​កំណត់​នៅ​ក្នុងច្បាប់​រៀបចំអង្គការ និង​កម្មវិធីជាតិ ។ ចាប់​ពី​ដើមឆ្នាំ២០១១​មក​យើង​បានខិតខំប្រឹង​ប្រែង​យ៉ាងខ្លាំង​ដើម្បីជំរុញ​ដល់​ការ​រៀបចំនូវអនុក្រឹត្យ​ស្តីពីការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅនៃ​មូល​និធិ​ក្រុង- ស្រុក​ រហូតទទួល​បាន​នូវការ​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កាល​ពី​ខែ​មីនា ឆ្នាំ២០១២​នេះ ។ ទោះជាយា៉ង នេះ​ក្តី​ក៏មូល​និធិក្រុង-ស្រុក​នេះ​​នៅពុំទាន់ត្រូវ​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​បាន​ពេញលេញ​នៅឡើយ ​អាស្រ័យ​ដោយ​ភាពយឺត​យា៉វ​​នៃការដាក់​ចេញ​នូវ​លិខិត​បទដ្ឋាន​គតិយុត្ត​ចាំ​បាច់មួយចំនួន​ទៀត ។

ដើម្បី​ធានា​ដល់ការចាប់ផ្តើមកិច្ចដំណើរការ​ផ្ទេរ​មុខ​ងារ និងធនធាន​ឲ្យទៅដល់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ប្រកបដោយភាពរលូន និង​ស្រប​តាម​ស្មារតីនៃ​អនុក្រឹត្យ លេខាធិការដ្ឋាន គ.ជ.អ.ប​ បានរៀប​ចំ​សេចក្តីព្រាង​គោល​ការណ៍​ណែនាំស្តីពីការរៀបចំ​​បញ្ជី​វិភាគមុខ​ងារ​ដោយ​មាន​ការចូលរួមពិនិត្យ​និងការផ្តល់យោបល់​ពី​ក្រុមការងារបច្ចេកទេស​របស់ក្រសួង ស្ថាប័ន​នានា​ជាច្រើនលើក​ច្រើន​សាសម្រាប់​ផ្តល់​ការ​ណែ​នាំដល់ក្រសួង​ ស្ថាប័ន​ និងអង្គភាព​ពាក់​ព័ន្ធ​ក្នុង​ការ​​រៀបចំបញ្ចប់​នូវ​កិច្ច​ការនេះនៅ​ឆមាស​ទី​២​ឆ្នាំ​២០១២​ដើម្បីធានាឲ្យ​មានការឯកភាព​គ្នាក្នុង​ការពិនិត្យ និងការកំណត់​នូវ​ការផ្ទេរមុខងារ និង​ធន​ធានក្នុងកម្រិត​សម​ស្រប​ណាមួយពីក្រសួង​ ស្ថាប័ន​ដែល​ស្ថិត​ក្នុង​វិស័យ​អាទិភាព​ទៅឲ្យ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ចាប់ពីដើម​ឆ្នាំ​២០១២​តទៅ ។

មកទល់ពេល​នេះមានក្រសួងចំនួន​​៥​ដែល​ស្ថិតក្នុងវិស័យ​អាទិ​ភាព​ គឺក្រសួងអប់រំ យុវជន និងកីឡា​ ក្រសួងស​ុខាភិបាល​ ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ ក្រសួងអភិវឌ្ឍន៍ជន​បទ និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិ​សម្បទា​បាន​និង​កំពុង​រៀប​ចំជា​បណ្តើរៗនូវ​បញ្ជីវិភាគ​មុខ​ងារ​របស់​ខ្លួនស្ទើររួចរាល់​ហើយ​។​ក្នុងនាមគ.ជ.អ.ប​ និងក្នុងនាមលោកផ្ទាល់​សូម​កោត​សរ​សើរ​នូវឆន្ទៈ​និងការខិតខំប្រឹង​ប្រែង​របស់​ក្រសួងទាំង៥នេះ​ក្នុងការជំរុ​ញកិច្ចការ​ដ៏មាន​សារ​សំខាន់​នេះ ។ ទន្ទឹម​នេះលោក​ក៏សូម​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​នានាផ្សេង​ទៀតក្នុង​ការ​ផ្តោតការយក​ចិត្តទុក​ដាក់​លើការចាប់ផ្តើម និង​ជំរុញ​ដល់​ការ​រៀប​ចំកិច្ច​ដំណើរការផ្ទេរមុខងារ​និងធនធាន​នៅ​ក្នុង​ក្រសួង​ ស្ថាប័នរបស់​ខ្លួន​បន្ទាប់​ពីគោល​ការណ៍​ណែ​​នាំស្តីពីរៀប​ចំ​បញ្ជី​វិភាគ​មុខងារនេះ​ត្រូវ​បាន​អនុម័តដោយ​កិច្ច​ប្រជុំ​របស់យើងនាពេលនេះ ។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ​សង្ឃឹមថា បញ្ហាប្រឈម​ជាគន្លឹះ​មួយចំនួនខាង​លើនេះនឹង​អាច​ដោះស្រាយបាន​មួយផ្នែកធំតាម​រយៈ​កិច្ច​ប្រជុំលើកទី៧​​នេះដោយសារកិច្ចប្រ​ជុំនេះ​​ផ្តោត​ទៅ​លើ​របៀប​វារៈ​ ១-ការពិនិត្យ​និង​អនុម័ត​លើ​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំលើក​ទី៦របស់​គ.ជ.អ.ប ។២-ការពិភាក្សាលើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រុង-ស្រុក របាយ​ការណ៍​វឌ្ឍន​ភាពនៃ​ការ​រៀប​ចំលិខិត​បទដ្ឋាន​ផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តមូលនិធិក្រុង-ស្រុក​​និងរបាយការណ៍ស្តីពីការវិភា​ជន៍មូលនិធិក្រុង-ស្រុក​សម្រាប់ឆ្នាំ២០១៣ ។
៣-ការពិភាក្សានិងអនុ​ម័តលើសេចក្តី​ព្រាង​សេចក្តីណែនាំស្តីពីការរៀបចំ​បញ្ជីវិភាគ​មុខ​ងារ​របស់ក្រសួង​ ស្ថាប័ន​ មន្ទីរ​ អង្គ​ភាពនានា និង​អាជ្ញា​​ធរគ្រប់​​លំដាប់ថ្នាក់ ។
៤-របាយការណ៍ប្រចាំឆមាស​ទី១​ស្តីពី​ការ​អនុវត្តផែនការសកម្មភាព និងថវិការរបស់​គ.ជ.អ.ប​ឆ្នាំ២០១២ ។
៥-បញ្ហាផ្សេងៗ​រួមមាន​ការ​ងារ​បញ្ជ្រាប​យេន​ឌ័រ និងការលើកកំពស់ភាព​អង់​អាច​របស់ស្ត្រី ៕