ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៦ កញ្ញា សមត្ថកិច្ចបានស្រាវជ្រាវដឹងច្បាស់ថា ករណីអគ្គិភ័យស្ថានីយប្រេងនៅឃុំត្រពាំងជង ស្រុកបាកាន កាលពីថ្ងៃទី៥ កញ្ញា គឺបណ្តាលមកពីភ្ញៀវចូលចាក់សាំងម៉ូតូកេះដែកកេះជក់បារី ខណៈពេលកម្មករកំពុងបូមសាំង ។ អគ្គិភ័យនេះបានធ្វើឱ្យឆេះផ្ទះអស់ចំនួន៣ខ្នង សរុបការខូចខាតអស់ប្រមាណជាង២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ នេះបើតាមការផ្តល់ព័ត៌មានពីលោកវរសេនីយ៍ត្រី ប៉ែន ទុង អធិការនគរបាលស្រុកបាកាន ។
លោកប៉ែន ទុង បញ្ជាក់ប្រាប់ថា អគ្គិភ័យនេះផ្តើមចេញពីផ្ទះប្រជាពលរដ្ឋឈ្មោះទឹម ទូច ភេទប្រុស អាយុ៥៧ឆ្នាំ មានទីតាំងជាប់ខ្លោងទ្វារចូលវត្តបាកាន ដែលបើកស្ថានីយលក់ប្រេងផង បញ្ចូលអាគុយផង និងគ្រប់គ្រងកាប៊ីនភ្លើងចែកចាយក្នុងឃុំត្រពាំងជង ទីរួមស្រុកបាកានផង ។ តាមការស្រាវជ្រាវឱ្យដឹងថា មូលហេតុដែលបង្កឱ្យកើតមានអគ្គិភ័យនេះ មុនដំបូងគឺមានភ្ញៀវម្នាក់មិនចំណាំមុខចូលចាក់សាំងម៉ូតូ ។ ពេលចាក់រួចបុរសនោះហុចលុយឱ្យ តែដោយសារម្ចាស់ស្ថានីយ និងកម្មកររវល់បូមសាំងបញ្ចូលដប និងប៊ីដុងមិនទាន់បានយកភ្លាមទេ ពេលនោះបុរសអ្នកចាក់សាំងក៏ឆ្លៀតជក់បារីមួយដើមសិន ។ ខណៈពេលបុរសនោះកេះដែកកេះអុជបារីនៅចម្ងាយប្រហែល២ម៉ែត្រពីកន្លែងបូមសាំង ក៏បណ្តាលឱ្យចំហាយឆាបឆេះវឹបតែម្តង ។
ភ្លាមៗនោះ ដប និងប៊ីដុងសាំងដែលមិនទាន់បិទគម្របបានដួលហូរសាំងពាសពេញដីចូលទៅដល់កន្លែងបញ្ចូលអាគុយ និងសម្ភារក្នុងស្ថានីយឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យម្ចាស់ស្ថានីយ និងកម្មករភ័យតក់ស្លុតស្រែកឱ្យគេជួយ ។ ចំណែកបុរសអ្នកចាក់សាំងនោះ ឃើញសភាពការណ៍កំពុងជ្រួលច្របល់បែបនេះក៏ទាញម៉ូតូជិះគេចខ្លួនបាត់ទៅ ដោយពុំមានអ្នកណាស្គាល់ និងចំណាំមុខទេ ។ ភ្លើងបានឆេះស្ថានីយប្រេងសាំងទាំងមូល ហើយបានបន្តឆេះផ្ទះម្ចាស់ស្ថានីយដែលនៅខាងក្រោយទៀត ។ ទម្រាំរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមកដល់ភ្លើងបានឆេះរាលដល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅជាប់ខាងកើតនោះទៀត ដែលលក់គ្រឿងសង្ហារិម ទូរទស្សន៍ ម៉ាញ៉េ និងអីវ៉ាន់គ្រឿងទេសរហូតខ្ទេចខ្ទីទាំងស្រុង ។ លោកប៉ែន ទុង ឱ្យដឹងថា អគ្គិភ័យនេះបានបំផ្លាញទ្រព្យសម្បត្តិសរុបជាង២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងនោះផ្ទះរបស់ឈ្មោះទឹម ទូច (ម្ចាស់ស្ថានីយប្រេង) ប្រមាណ១០ម៉ឺនដុល្លារ ផ្ទះរបស់ឈ្មោះឈឿន គីម ប្រមាណ៥ម៉ឺនដុល្លារ និងផ្ទះរបស់ឈ្មោះជីម វួចហៀង ប្រមាណ៦ម៉ឺនដុល្លារ ។ ទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជាការអះអាងប៉ាន់ប្រមាណរបស់ម្ចាស់ផ្ទះនីមួយៗប៉ុណ្ណោះ ។
លោកវរសេនីយ៍ឯក គឹម សុខុន ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលស្ថិតិ និងអគ្គិភ័យ មានប្រសាសន៍ថា យើងមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងសម្រាប់អន្តរាគមន៍ ប៉ុន្តែសោកស្តាយដោយសារការផ្តល់ព័ត៌មានយឺតយ៉ាវបន្តិច ហើយផ្លូវមានចម្ងាយជិត២០គីឡូម៉ែត្រឯណោះ ទម្រាំទៅដល់ ។ ម្យ៉ាងវិញទៀត ក៏ស្ទះចរាចរណ៍ផងដែរ ដោយសាររថយន្តអ្នកធ្វើដំណើរឈប់ និងមនុស្សម្នាចោមរោមមើលណែនណាន់តាន់តាប់ពេក ។ សមត្ថកិច្ចបានធ្វើសកម្មភាពបាញ់ទឹកពន្លត់ចាប់តាំងពីម៉ោង២ និង៤៥នាទីរសៀលរហូតដល់ម៉ោង៥ និង៣០នាទីល្ងាច គឺមានរយៈពេលជិត៣ម៉ោងទើបគ្រប់គ្រងសភាពការណ៍បាន ។ ខណៈពេលអគ្គិភ័យកំពុលលេបត្របាក់យ៉ាងសន្ធោសន្ធៅនោះ មេឃក៏រលឹម និងមានភ្លៀងចំនួនពីរលើកដែរ តែនៅតែមិនអាចរលត់បានដោយសារផ្ទុះគម្របស៊ីទែនសាំងកប់ក្នុងដីបាញ់ប្រេងឡើងលើ ។ ពេលនោះ បើពុំមានភ្លៀងជួយទេនឹងឆេះរាលលឿនមិនខាន ។ ប៉ុន្តែទោះយ៉ាងណា បានទប់ស្កាត់មិនឱ្យឆេះរាលតទៅទៀត គឺអស់ត្រឹមតែផ្ទះ៣ខ្នង និងសំយាបតូបខាងមុខៗប៉ុណ្ណោះ ហើយក៏ពុំមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតដែរ ។
គេមិនដឹងថា ចំពោះគ្រោះអគ្គិភ័យនេះច្បាប់តម្រូវឱ្យម្ចាស់ស្ថានីយប្រេងសងម្ចាស់ផ្ទះពីរខ្នងទៀត ឬក៏យ៉ាងនោះទេ បើឆេះអស់ទាំងអស់គ្នាបែបនេះ ហើយបើឱ្យអ្នកកេះដែកកេះជក់បារីនោះសង ទោះបីជារកឃើញក៏មិនដឹងជាមានអ្វីសងដែរ បានត្រឹមតែជាប់ពន្ធនាគារប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ