ខេត្តព្រះសីហនុ ៖ ទឹកប្រាក់ចំនួន២.០០០ដុល្លារ ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា ជាភរិយា និងជាម្ចាស់សណ្ឋាគារខ្សាច់មាស បានចួលរួមឧបត្ថម្តដល់ព្រះចៅអធិការវត្តពោធិ៍មានជ័យ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ដើម្បីយកមកប្រើប្រាស់ក្នុងការសាងសង់ខ្លោងទ្វារថ្មីចូលវត្ត ។ បច្ចុប្បន្ន ព្រះចៅអធិការវត្តកំពុងមមាញឹកក្នុងការសាងសង់ ទាំងព្រះវិហារ ក៏ដូចជាខ្លោងទ្វារចូលវត្តទុកសម្រាប់ជាទីសក្ការបូជារបស់ពុទ្ធបរិស័ទរួមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងហាវទាំងមូល ។
ទឹកប្រាក់ខាងលើនេះ ត្រូវបានលោកឧកញ៉ា អ៊ូ ឆាយ និងភរិយា ប្រគល់ជូនតាមរយៈលោកឆាយ សុគន្ធដា អភិបាលរងស្រុកស្ទឹងហា ហើយកាលពីព្រឹកថ្ងៃទី២៩ សីហា កន្លងមកលោក ឆាយ សុគន្ធដា និងលោក ប៊ី ឆយ សមាជិកក្រុមប្រឹក្សាស្រុកស្ទឹងហាវ រួមដំណើរដោយមន្រ្តីសា លាស្រុកជាច្រើនរូបទៀតបាននាំយកថវិការបស់លោកអ៊ូ ឆាយ និងភរិយា ទៅប្រគេនដល់ព្រះចៅអធិការវត្តពោធិ៍មានជ័យ ដើម្បីជាការរួមចំណែកកសាងក្នុងវិស័យព្រះពុទ្ធសាសនា ។
លោកអភិបាលរងស្រុកឆាយ សុគន្ធដា បានឱ្យដឹងដែរថា រយៈកាលកន្លងមក លោកអ៊ូ ឆាយ និងភរិយា តែងតែជួយផ្តល់ជាថវិកាសម្រាប់អភិវឌ្ឍទីអារាមដែលប្រជាពលរដ្ឋទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាគោរពនិងបូជា ។ ទីអារាមគឺជាស្រែបុណ្យសំរាប់ជនានុគ្រប់រូបគោរពបូជានៅក្នុងវិស័យសាសនាដែលជាសាសនារបស់ រដ្ឋ ។ ក្នុងនាមអាជ្ញាធរដែនដី ស្រុកស្ទឹងហាវ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា ជាភរិយា ដែលបានជួយឧបត្ថម្ភជាថវិកា ជំរុញអោយការសាងសង់បានឆាប់រួចរាល់ ។
ព្រះចៅអធិការវត្តពោធិ៍មានជ័យ ព្រះតេជគុណ ឡេង ហីុ មានថេរដីកាឱ្យដឹងថា ព្រះវិហារដែលកំពុងសាងសង់សព្វថ្ងៃបានប្រមាណជា៥៥ ភាគរយហើយ ដោយចាប់ផ្តើមកសាងតាំងពីឆ្នាំ ២០០៩ មកម្លេ៉ះ ហើយថវិកាកសាងសង់ព្រះវិហារនេះ បានមកពីការឧបត្ថម្ភរបស់សប្បុរសជនទាំងគឺជិតទាំងទីឆ្ងាយ ជួួយដល់ដំណើរការសាងសង់ ដោយអនុវត្តទៅតាមជំហានគីង្គក់ ធ្វើបណ្តើរ អំពាវនាវរកសប្បុរសជនជួយបណ្តើរ ។ ពេលណាដាច់ថវិកា ត្រូវផ្អាករង់ចាំរកជំនួយពីសប្បុរសជនដើម្បីធ្វើបន្តទៀត ហើយសព្វថ្ងៃនៅសល់ប្រមាណ ៤៥ភាគរយ កំពុងប្រឈមនឹងការខ្វះខាតថវិកាសាងសង់បន្ត ។
ព្រះតេជគុណ បានអំពាវនាវដល់អស់លោកជា ពុទ្ធបរិស័ទ ទាំងជិត ទាំងឆ្ងាយ សូមបន្តការជួួយឧបត្ថម្ភជាថវិកា និង គាំទ្រក្នុងវិស័យព្រះពុទ្ធសាសនា សម្រាប់ជាកិច្ចបង្ហើយក្នុងការសាងសង់ព្រះវិហារ និងខ្លោងទ្វារឱ្យបានរួចរាល់ជាស្ថាពរផងចុះ ៕
ចែករំលែកព័តមាននេះ