រាជធានីភ្នំពេញ ៖ ចោរមួយក្រុមដែលបានចូលទៅលួចគោ២ក្បាលរបស់ប្រជាពលរដ្ឋនៅភូមិស្មាពួន ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយយកមកសម្លាប់ពន្លះយកសាច់នៅក្នុងចម្ការដើមអាកាស្យា ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចម្ងាយប្រមាណ៥០០ម៉ែត្រីពីផ្លូវជាតិលេខ២ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៥ សីហា ត្រូវបានរកឃើញមុនពេលក្រុមចោរពន្លះសាច់ ច្រកបាវយកទៅលក់ ។ តែវាគួរឱ្យសោកស្តាយដែលគោទាំង២ក្បាលត្រូវក្រុមចោរអារ.កសម្លាប់ទៅហើយ ។ ទោះបីជាបែបណា នេះអាចចាត់ទុកថាជាលើកដំបូងហើយ ដែលចោរលួចគោកាប់សាច់បានត្រឹមតែលួច តែមិនអាចយកសាច់គោបានដែលកន្លងមកម្ចាស់គោខ្លះបានត្រឹមតាមទាន់ដែលចោរបន្សល់ទុកតែក្បាល ឆ្អឹងខ្លះ និងលាមកតែប៉ុណ្ណោះ ។
ខ្មោចគោ២ក្បាលដែលចោរលួចនេះជាគោមេដែល១ក្បាលផើមជិតកើតកូនផងដែរ ត្រូវបានប្រទះឃើញនៅក្នុងចម្ការអាកាស្យា បន្ទាប់ពីម្ចាស់គោបាត់ពីក្រោមផ្ទះនៅវេលាម៉ោង៨យប់ថ្ងៃទី៥ កញ្ញា ហើយបានស្វះស្វែងរកគ្រប់ទីកន្លែង ដោយបានប្តឹងដល់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ផងដែរ ។ ស្រាប់តែមកប្រទះឃើញខ្មោចគោ២ក្បាលត្រូវចោរមួយក្រុមលួចយកទៅសម្លាប់ត្រៀមកាប់យកសាច់លក់នៅក្នុងព្រៃដើមអាកាស្យា និងត្រូវបានម្ចាស់គោស្រែកឆោឡោផ្អើលអ្នកស្រុកទាំងយប់ ។
បុរសឈ្មោះពួន ម៉ៅ អាយុ៣៧ឆ្នាំ ជាម្ចាស់គោ បានឱ្យដឹងថា កាលពីព្រលប់ថ្ងៃកើតហេតុគាត់បានចងមេគោដែលមានទម្ងន់ជិតគ្រប់ខែនៅក្នុងក្រោលក្រោយផ្ទះ រួចឡើងទៅមើលទូរទស្សន៍រហូតចប់រឿងភាគ ទើបគាត់ចុះពីលើផ្ទះយកស្មៅមកដាក់ឱ្យគោស៊ី ស្រាប់តែអត់ឃើញមេគោនៅក្នុងក្រោលមិនដឹងបាត់ទៅទីណា ។ គាត់បានដើររកទាំងយប់ជាមួយឆ្កែ ដើរតាមដានគោបណ្តើរ ស្រែកហៅបងប្អូនអ្នកជិតខាងឱ្យទៅជួយរកមេគោផងដែរ ដោយដើរតាមដានជើងគោចេញពីក្រោលរហូតដល់ក្នុងព្រៃមានចម្ងាយពីផ្ទះប្រមាណ៥គីឡូម៉ែត្រ ស្រាប់តែប្រទះឃើញគោដែលចោរសម្លាប់ទៅហើយ ដោយចាក់កកាប់ពន្លះជើងអស់មួយក្បាល រួចក៏បញ្ចាំងភ្លើងពិលតាមដានរកមើលបន្តទៀតខ្លាចក្រុមចោរពួននៅជិតនោះ ក៏បានប្រទះឃើញខ្មោចគោមួយក្បាលទៀតត្រូវចាក់កវះពោះ តែកាត់ជើងទើបតែបានពីរ ។ ប្រភពពីម្ចាស់គោដដែល និយាយរៀបរាប់ទៀតថា ពេលគាត់ទៅដល់ក្នុងព្រៃមានគ្នា៥ទៅ៦នាក់ ព្រមទាំងមានឆ្កែទៅជាមួយផងនោះ ក្រុមចោរឮសំឡេងឆ្កែព្រូស បាននាំគ្នារត់បុកដើមឈើឮប្រាវៗរត់គេចខ្លួនបាត់អស់បន្សល់ទុកពូថៅមួយ កាំបិត២ កញ្ជើមួយ កន្ត្រកជ័រមួយសម្រាប់ដាក់សាច់ និងគោ២ក្បាល ដែលចាក់កកាត់ជើងរួចរាល់វះពោះរៀបចំពន្លះយកសាច់ទៅហើយ តែត្រូវម្ចាស់តាមទាន់ ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ព្រែកកំពឹស បានឱ្យដឹងថា គោដែលរកឃើញនេះមាន២ក្បាល តែមួយក្បាលទៀតមិនទាន់មានម្ចាស់មករកនោះទេ ។ លុះវេលាទៀបភ្លឺថ្ងៃទី៦ កញ្ញា ស្រាប់តែលេចមុខម្ចាស់គោឈ្មោះព្រំ សារុន អាយុ៦១ឆ្នាំ ដែលមានទីលំនៅក្នុងភូមិ-ឃុំជាមួយនឹងម្ចាស់គោខាងលើ បានមកអះអាងថា គាត់បាត់គោដែរ ។ តាមការអះអាងដូច្នេះបានបញ្ជាក់ថា ក្រុមចោរបានចូលធ្វើសកម្មភាពលួចគោក្នុងភូមិ-ឃុំខាងលើបានចំនួនពីរក្បាល ហើយម្ចាស់គោទាំងពីរ ម្នាក់ជាប់រវល់មើលទូរទស្សន៍ និងម្នាក់ទៀតបានដេកលង់លក់ក្នុងដំណេក ។ ប៉ូលិសបានបន្តថា ចំពោះខ្មោចគោទាំងពីរក្បាលខាងលើ ត្រូវបានប្រគល់ឱ្យម្ចាស់យកទៅលក់ឡាយឡុងឱ្យឈ្មួញយកទៅកាប់សាច់ ។ ចំណែកឯក្រុមចោរសមត្ថកិច្ចបន្តស្រាវជ្រាវបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ