ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមាញ់​​ស្ដេច​​ឈើ​​គ្រញូង​ហេតុ​​ការ​ណ៍​បាន​​ឡើង​​កម្ដៅ​​នៅ «ពាម​តា» ​រវាង​​សមត្ថ​កិច្ច​​និង​​ឈ្មួញ​​ទុច្ច​រិត

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ សំណុំរឿងឈ្មួញរកស៊ី ឈើគ្រញូង ដែលគេសង្ស័យ​ថា ជា​កម្លាំង​ប្រដាប់​​អាវុធ និង​បានបា.ញ់​សម្លា.ប់អ្នក​កា.ប់​ឈើ​​គ្រញូង​​លក់នៅក្បែរតំបន់ព្រំដែនខ្មែរ-សៀម​ចំណុច«ពាមតា»ក្នុងភូមិសាស្រ្តឃុំតាតោក ស្រុក​សំឡូតនោះ កំពុងរំជើបរំជួល​ខ្លាំងនៅ​

ខេត្ត​បាត់​ដំបង​ ៖ សំណុំរឿងឈ្មួញរកស៊ី ឈើគ្រញូង ដែលគេសង្ស័យ​ថា ជា​កម្លាំង​ប្រដាប់​​អាវុធ និង​បានបាញ់​សម្លាប់អ្នក​កាប់​ឈើ​​គ្រញូង​​លក់នៅក្បែរតំបន់ព្រំដែនខ្មែរ-សៀម​ចំណុច«ពាមតា»ក្នុងភូមិសាស្រ្តឃុំតាតោក ស្រុក​សំឡូតនោះ កំពុងរំជើបរំជួល​ខ្លាំងនៅ​ពេល​នេះ ក្រោយពី​បែកធ្លាយ​ជុំ​វិញ​​​​​ការ​សម្លាប់​គ្នា​ដ៏​សាហាវ​នោះ ។

តាមប្រភពព័ត៌​មាន​​បាន​ផ្ដល់​បន្ថែម​នៅ​ព្រឹ​ក​ថ្ងៃទី៦ កញ្ញា ​ថា ពេលនេះនៅតំបន់​កើត​ហេតុ​កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត សម្រាប់​​កម្លាំង​សមត្ថកិច្ចដែល​ប៉ុន​ប៉ង​ចូល​ទៅ​ពិនិត្យ​ផ្នូរ​​សព និង​កន្លែងបាញ់សម្លាប់​មនុស្ស​ដ៏ព្រៃ​ផ្សៃ​ខាង​ លើ ដោយហេតុថា ជន​ប្រដាប់​អាវុធ​មួយក្រុម​ដែល​កំពុងការពារក្រុមអ្នករកស៊ីបទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់នោះ ​ក៏​មានមន្រ្តីយោធា​​​ថ្នាក់ឧត្តម​សេនីយ៍​​នៅ​ពី​ក្រោយ​ផង បានរៀបចំផែនការ​ទប់ទល់​តាម​រយៈ​ការ​បង្កប់គ្រាប់មីន និង​បង្កៃ​គ្រាប់បែក​តាម​ច្រកចូល​​សំខាន់ៗពាស​ពេញ​ព្រៃ​ ។

ប្រភពពីមន្រ្តីការិយាល័យទំនាក់ទំនងព្រំដែន​ខ្មែរ-សៀម ដែលទទួលផែនការ​ពីស្ថាប័ន​អយ្យ​ការ​ឲ្យចុះស្រាវជ្រាវ​ករណីនេះ​ឲ្យដឹងថា ការិ​យា​ល័យទំនាក់ទំនងព្រំដែន​ និង​អង្គ​ភាពផ្សេង​ទៀត កំពុងធ្វើការពិចារណារិះ​រកមធ្យោ​បាយ​ជាថ្មី​ដើម្បី​ចូលទៅកាន់តំបន់នោះ ខណៈ​កិច្ច​ប្រតិ​បត្តិការ​កន្លងមកត្រូវបរាជ័យ ដោយសារ​ជន​ប្រដាប់អាវុធមួយក្រុមធ្វើការរារាំង និងគំរាម​កំហែង ។ មន្រ្តីដដែលបន្ត​ថា ពេលនេះ​គេដឹ​ងថា ក្រុមសង្គមងងឹតដែលសុទ្ធសឹងជាកងកម្លាំង​ប្រដាប់អាវុធទាំងនោះ បានត្រៀម​លក្ខណៈ​ជា​ស្រេចពោរ​ពេញដោយ​គំនិត​ទុច្ចរិត​គ្រប់រូប​ភាព ដើម្បីទប់ទល់ជាមួយ​កម្លាំង​សមត្ថកិច្ច​ទាំង​ឡាយ​ណាដែលប៉ុនប៉ងចង់ចូល​ទៅកាន់តំបន់នោះ ដើម្បី​ពិនិត្យផ្នូរស​ព ឬពិនិត្យ​កន្លែង​កើត​ហេតុ។

ប្រភពដែលសុំលាក់ឈ្មោះនេះ បានរំលឹកថា បន្ទាប់ពីបែកធ្លាយសំណុំរឿងនេះដំបូង និង​ក្រោយពីគ្រួសារជនរងគ្រោះដាក់ពាក្យស្នើសុំឲ្យ
ការិយាល័យទំនាក់ទំនងព្រំដែនជួយរកវិធីចូលយក​សព ស្ថាប័នអយ្យការ​បាន​ដាក់​ផែន​ការ​នេះដល់អង្គភាព​ពាក់ព័ន្ធមួយ​ចំនួន​ឱ្យ​ធ្វើ​​ការ​​ដោះ​ស្រាយ ក្នុងនោះមានការិយាល័យទំនាក់ទំនង​ព្រំដែនខ្មែរ-សៀម វរៈ​ការពារព្រំដែន​គោក​លេខ​៨២៣ វរៈការពា​រព្រំដែនគោក​លេខ​៣១០ និង​អង្គ​ភាព​យោធា​ផ្នែកសឹករងស្រុកសំឡូត ដើម្បី​បើកកិច្ចប្រតិបត្តិការចូលទៅកាន់តំបន់នោះ ។ ប៉ុន្តែកិច្ចប្រតិបត្តិការនេះ​ ត្រូវ​បាន​រារាំង​ដោយ​មន្រ្តីយោធាថ្នាក់ឧត្តមសេនីយ៍​ដ៏មានឥទ្ធិពល​ម្នាក់​ដែលគ្រប់គ្រង និងការពារក្រុមអ្នករកស៊ីបទ​ល្មើស​ព្រៃឈើនៅ​តំបន់​នោះ ខណៈ​ដែល​កម្លាំង​ចម្រុះ​រាប់សិបនាក់​ឡើងជិតដល់ចំណុច​កើត​ហេតុ​ទៅ​ហើយ ។

ប្រភពនេះបញ្ជាក់ថា កម្លាំង​ចម្រុះ​ទាំងនោះ​បាន​ឡើងដល់ចំណុច​«សារិកា»នៅ​ចម្ងាយ​ប្រហែល​១គីឡូម៉ែត្រប៉ុណ្ណោះ ដល់ចំ​ណុច​​កើត​ហេតុ ។ ប៉ុន្តែគ្រានោះ ស្រាប់តែ​ឧត្តមសេនីយ៍​យោធាម្នាក់មានរហស្សនាម«៩៦»បាន​បញ្ជា​ភ្លាមៗតាមវិទ្យុទាក់ទងឲ្យកម្លាំង​ទាំង​អស់​ត្រឡប់​​ថយក្រោយវិញជាបន្ទាន់ ។ ប្រភពព័ត៌​មាន​​បញ្ជាក់​ថា ពេលនោះមានកម្លាំង​មួយចំនួន​បាន​ដក​ថយតាមបញ្ជា​ ឯកម្លាំង​មួយចំនួន​ទៀត​ដែល​មានកម្លាំង​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​ផង​មិនបានដកថយទេ តែមានការ​ផ្ដាំផ្ញើ​បែប​គំរាម​តាមវិទ្យុទាក់ទងថា«កម្លាំង​ដែល​មិន​ដក​ថយ​ចង់ធ្វើអីធ្វើទៅ»។ ​គ្រា​នោះ​មានភ្លៀងធ្លាក់ខ្លាំង និងមើលទៅ​កម្លាំង​ដែល​មិនដកថយនេះ​កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់បំផុត​(ស្ថិតក្នុង​ចង្កូម​ខ្លា) ទើប​សម្រេច​ត្រឡប់ក្រោយវិញ តែមិនអាច​ត្រឡប់​តាម​ផ្លូវ​ចាស់ទេ គឺសម្រេច​ដើរ​តាម​ផ្លូវ​ថ្មី​ក្នុង​ព្រៃតា​ម​ជ្រលង​​ភ្នំ ព្រោះផ្លូវចាស់អាច​មាន​គ្រោះថ្នាក់​​ដោយសារគ្រាប់មីន ឬគ្រាប់បែក ដែល​ក្រុម​ជន​សង្គមងងឹតបង្កៃចោលតាមក្រោយ ។

គួររំលឹកថា សំណុំរឿងឈ្មួញរក​ស៊ីឈើ​គ្រញូង​បាញ់សម្លាប់គ្នាក្នុង​ព្រៃដែល​​បែក​ធ្លាយ​ធ្វើឲ្យរញ្ជួយពេញខេត្តបាត់ដំបងនេះ បាន​កើត​ឡើងកាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១២ នៅ​ចំណុច«ពាមតា»ក្នុងភូមិសាស្រ្តឃុំតាតោក ស្រុកសំឡូត ។ ករណីនេះ បង្កឡើង​ដោយ​ឈ្មួញ​រកស៊ីបទល្មើសព្រៃឈើមួយក្រុមដែល​គេស្គាល់​​ថា ភាគច្រើនជាកម្លាំង​ប្រដាប់អាវុធ បាន​ប្រើ​ប្រាស់​កាំភ្លើង និងគ្រាប់បែកដៃពី២​ទៅ៣​គ្រាប់​បោក និងបាញ់សម្លាប់ក្រុមអ្នកកាប់ឈើ​គ្រញូង​លក់បណ្ដាលឲ្យស្លាប់ម្នាក់ឈ្មោះសល់ សែល ហៅ​កំពង់ស្ពឺ អាយុ២៣ឆ្នាំ និង​ម្នាក់​ទៀតឈ្មោះ​សោម សីហា ហៅឆក របួសភ្លៅខាង​ឆ្វេង​ដោយ​សារត្រូវអំបែងគ្រាប់បែក ។ មូលហេតុនៃការ​បាញ់សម្លាប់គ្នានេះ គឺក្រុមឈ្មួញបាន​ទៅទិញ​ឈើគ្រញូងចំនួន១១សន្លឹក ដែលមានទំហំធំៗ​ពីក្រុមអ្នកកាប់ លុះត្រូវថ្លៃគ្នាឈ្មួញ​បានសុំដឹក​ឈើ​​ចេញសិន រួចប្រគល់ប្រាក់ជាក្រោយ តែ​ក្រុម​ជនរងគ្រោះមិនព្រម ។ គ្រានោះ ក៏មានការ​ឈ្លោះប្រកែកគ្នាយ៉ាងតឹងតែង ធ្វើឲ្យក្រុម​ឈ្មួញ​ក្ដៅ​ក្រហាយក៏ទាញកាំភ្លើងបាញ់ប្រហារ និង​បោកគ្រាប់បែកបន្ថែមដើម្បីសម្លាប់ពួកគេតែ​ម្ដង ។ ក្រុមអ្នកកាប់ឈើនេះ​មាន​គ្នា​សរុប​ចំនួន​១៤​នាក់ តែនៅថ្ងៃកើតហេតុ​មានតែ២​នាក់​ទេ​នៅ​ចាំកន្លែងទើបមានបញ្ហាកើតឡើង ។ ករណី​នេះ​ត្រូវបានក្រុមជនដៃដល់ និងមន្រ្តីមាន​អំណាច​​មួយចំនួន​ដែលសមគំនិត​ ព្យាយាម​បិទ​បាំង​អស់​រយៈ​ពេលមួយខែ សូម្បីតែអាជ្ញាធរ ឬសមត្ថ​កិច្ច​ជំនាញក៏មិនបានដឹង​ដែរ។ លុះ​នៅថ្ងៃទី១៧ សីហា កន្លងទៅនេះ ទើបបែកការណ៍​ ដោយ​សារ​​តែគ្រួសារជនរងគ្រោះ​ទៅស្នើឲ្យ​ការិយា​ល័យទំនាក់ទំនងព្រំដែន​ជួយ​អន្តរា​គមន៍ចូលយក​សព ។

​គេនៅតែមិនអាចស្វែងរក​ការ​បំភ្លឺពីអង្គភាព​ពាក់ព័ន្ធបាននៅឡើយទេ នៅ​រសៀល​ថ្ងៃទី៦ កញ្ញា ជុំវិញសំណុំរឿង​បាញ់​សម្លាប់​គ្នាយ៉ាង​​សាហាវ​នេះ ។ លោកជេត វណ្ណនី ស្នង​ការ​រង​នគរ​បាល​ខេត្ត បានមាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៦ កញ្ញាដែរថា សមត្ថកិច្ចមូលដ្ឋាន​មិន​បាន​រាយ​ការណ៍អំពីព័ត៌មាននេះទេ ។ លោក​បន្ត​ថា ក្រោយ​ពីមានសារព័ត៌​មានចេញ​ផ្សាយ​អំពី​រឿង​នេះ លោកបានសួរនាំទៅលោក លី ប៊ួយ អធិ​ការ​​នគរ​បាល​ស្រុកសំឡូត ហើយ​លោកលី ប៊ួយប្រាប់ថា​ ដឹងដែរតែដូចជាមិនពិត​ទើប​លោក​មិន​បាន​រាយ​ការណ៍មកលោក​ស្នង​ការ ។ លោកស្នងការ​រង​បញ្ជាក់ថា ឥឡូវលោក​ស្នងការ​បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញស្រុក​សំឡូត​ចុះ​ស្រាវ​ជ្រាវ​​ករណីនេះហើយ ។

​មន្រ្តីការិយាល័យទំនាក់ទំនងព្រំដែនបានឲ្យដឹងបន្ថែមនៅព្រឹកថ្ងៃទី៦ កញ្ញា ថា បើ​តាម​​​បក្ស​ពួក​ជន​រង​គ្រោះ​បំភ្លឺថា សាកសព​ជនរង​គ្រោះ​ត្រូវក្រុមឃាតករជួលមនុស្ស៣នាក់ឲ្យជីករណ្ដៅ​កប់ ក្នុងនោះមាន ១-ឈ្មោះរ៉េន វីរៈ ហៅជាង នៅ​ភូមិកញ្ចាំង ស្រុកសំឡូត ២-ឈ្មោះ​កង សុភាព នៅភូមិអូររថក្រោះ ស្រុក​សំឡូត និង៣-ឈ្មោះអី នៅខេត្តប៉ៃលិន ។ នៅជុំវិញផ្នូរ​សព ត្រូវ​បាន​ក្រុមសង្គមងងឹត​បង្កប់​គ្រាប់មីន និងបង្កៃ​គ្រាប់​បែកក្នុង​ព្រៃជុំវិញ​តំបន់​នោះផង ដើម្បីការពារ និងគំរាមដល់កម្លាំង​សមត្ថ​កិច្ចដែល​ប៉ុនប៉ង​ចូល​ទៅយក​សព ឬពិនិត្យ​កន្លែងកើតហេតុ ។

​ប្រភពព័ត៌​មាន​បានឲ្យដឹងដែរថា បច្ចុប្បន្ន​ក្រុមអ្នករកស៊ីកាប់ឈើគ្រញូងនៅតំបន់កើតហេតុនោះ មានកម្លាំង​យ៉ាងតិចពី៥០នាក់​ទៅ​៧០​នាក់​កំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ ដែល​គ្រប់​គ្រងផ្ទាល់ដោយក្រុម​ប្រដាប់អាវុធមួយក្រុម និង​មានបង្អែកដ៏រឹងមាំពី​ឧត្តមសេនីយ៍យោធា​ដ៏​មាន​ឥទ្ធិពលម្នាក់​ ។ កម្លាំង​អ្នកកាប់ឈើ​ទាំងនេះ ត្រូវ​បាន​បែងចែកជា៣ក្រុម ដែលក្រុមទី១បោះ​ជំរំនៅចម្ងាយពីចំណុច«សារិកា​»​ប្រហែល​១​គីឡូម៉ែត្រ ក្រុមទី២បោះជំរំនៅចំណុច​«តង់​ខៀវ»ក្បែរចំណុច«ពាមតា» ជិតកន្លែង​កើត​ហេតុដែលគ្រប់គ្រងដោយ​វរ​សេនីយ៍​ត្រី​យោ​ធា​ម្នាក់​ និង​ក្រុម​ទី៣ បោះជំរំ​នៅចំណុច​«ក្បាលអូរ​ត្រែង»គ្រប់គ្រងដោយមន្រ្តីយោធា​ម្នាក់ហៅ​«តាក្របី»។

ប្រភពដដែលបានលើកឡើងថា បញ្ហានេះ​អាជ្ញា​ធរ ឬសមត្ថកិច្ចពាក់​ព័ន្ធគួរ​តែចាត់វិធានការ​ឲ្យ​បានឆាប់បំផុត ព្រោះពេលនេះ​បើតាម​សេចក្ដី​រាយការណ៍​ថា ក្រុមជនទុច្ចរិត​កំពុងបង្កើន​សកម្ម​ភាពពេញទំហឹង ដោយគ្មានអ្នកណា​ហ៊ាន​រារាំងឡើយ។ ជាពិសេស ពួកគេកំពុង​ប្រើគំនិត​ទុច្ចរិតយកគ្រាប់មីនកប់ក្នុងដី និងបង្កៃគ្រាប់​បែក​តាមបណ្ដាច្រកនានាទៅកាន់តំបន់នោះ ។ អ្នករាយការណ៍ប្រាប់​ថា ការ​ដាក់​មីន និងបង្កៃ​គ្រាប់​បែកនេះគឺទី១-ការពារមិនឲ្យកម្លាំង​ជំនាញ​ចូល​ទៅពិនិត្យ​សព ឬទីតាំងកើតហេតុ និង​ទី​២-ខ្លាចកម្លាំង​ជំនាញចូលទៅ​រកឃើញ​​ក្រុម​កម្មករដែលកំពុងលាក់ខ្លួនក្នុងព្រៃដើម្បីកាប់បំផ្លាញឈើប្រណីតនៅតំបន់នោះ ។ ទោះ​ជា​យ៉ាង​ណា ស្ថាប័នពាក់ព័ន្ធ​មួយ​ចំនួន​កំពុងរិះ​រក​វិធាន​ការចុះទៅកាន់តំបន់នោះហើយ ដើម្បីស្វែង​រកការពិត ៕