រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ កញ្ញា នៅទីស្តីការគណៈរដ្ឋមន្ត្រី មានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចគាំពារប្រាសាទអង្គរវត្ត រវាងលោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ជាមួយលោកស្រីAnne LEMAISTRE តំណាងអង្គការយូណេស្កូប្រចំានៅកម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន មានប្រសាសន៍ថា ការចុះបញ្ជីប្រាសាទអង្គរចូលជាបេតិកភណ្ឌពិភពលោកគឺនៅឆ្នាំ១៩៩២ ដែលនៅពេលនោះក្នុងបញ្ជីគេដាក់ថា ជាបេតិកភណ្ឌប្រឈមដោយគ្រោះថ្នាក់ ។ ប៉ុន្តែរយៈពេល១០ឆ្នាំក្រោយមក អង្គប្រជុំពេញអង្គរបស់អង្គការយូណេស្កូ ហើយនិងគណៈកម្មការបេតិកភណ្ឌពិភពលោកគេបានដកប្រាសាទអង្គរចេញពីបញ្ជីដែលគេហៅថា បេតិកភណ្ឌប្រឈមដោយគ្រោះថ្នាក់ ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ចាប់តាំងពីឆ្នាំ១៩៩៣មក គេបានបង្កើត«ICC-Angkor»ហៅថា គណៈកម្មការអន្តរជាតិដើម្បីសម្របសម្រួល និងអញ្ជើញប្រទេសផ្សេងៗដែលមានលទ្ធភាពខាងបុរាណវិទ្យា ខាងបេតិកភណ្ឌ ដើម្បីមកចូលរួមចំណែកក្នុងការអភិរក្ស ជួសជុលនិងអភិវឌ្ឍន៍អង្គរ ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតអាជ្ញាធរជាតិអប្សរា ដើម្បីជាដៃគូជាមួយគណៈកម្មការបេតិកភណ្ឌពិភពលោក(ICC-Angkor) ដែលអង្គការយូណេស្កូបានសំណូមពរឱ្យមានយន្តការជាដៃគូ ដើម្បីប្រមូលផ្តុំកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាអង្គរ ។
ICC-Angkor និងអាជ្ញាធរជាតិអប្សរានេះបានសម្រេចសមិទ្ធផលជាប្រវតិ្តសាស្ត្រដែលអង្គការយូណេស្កូគេបានហៅថា គឺជាគំរូសម្រាប់ប្រទេសផ្សេងៗលើសាកលលោក នៅក្នុងការប្រមូលផ្តុំកិច្ចសហប្រតិបត្តិការដើម្បីជួយថែរក្សាជួសជុល អភិវឌ្ឍន៍បេតិកភណ្ឌពិភពលោកមួយ ។ ជាលទ្ធផលជាក់ស្តែង មានប្រទេស១៤ហើយនិងមានអង្គការអន្តរជាតិចំនួន២៨ដែលចូលរួម ក្នុងនោះគម្រោងដែលគ្រោងធ្វើមាន៦០គម្រោងដែលយើងបានធ្វើរួចស្រេចហើយ ។ នេះជាមោទនភាពមួយដែលយើងបានធ្វើក្នុងកិច្ចការជួសជុល អភិរក្ស និងអភិវឌ្ឍន៍ ដែលមានប្រទេស១៤កំពុងសហប្រតិបត្តិការ ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ថ្ងៃនេះគឺរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យាល័យអីុតាលី ដែលជាសាកលវិទ្យាល័យមួយមានមោទនភាពពីអតីតភាពរបស់ខ្លួន ដែលលោកសាស្ត្រាចារ្យSantoro ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យនេះ ដើម្បីមកធ្វើការងារនៅកម្ពុជា ។ ដូច្នេះ ការងារដែលអីុតាលីបានធ្វើនេះគឺបានកសាងដំណាក់កាលទី១ ទី២ បានអភិរក្សនិងជួសជុលប្រាសាទប្រែរូប បន្ទាប់មកបានធ្វើនៅប្រាសាទអង្គរតែម្តង ផ្នែកខ្លះនៃប្រាសាទអង្គរតូច កំពូលប្រាសាទបាកាន និងកន្លែងខ្លះស្តេចឈរទទួសភ្ញៀវតាំងពីសម័យដើមនោះ ហើយនិងផ្នែកមួយចំនួនទៀតនៃប្រាសាទអង្គរ ។ ប៉ុន្តែអ្នកបច្ចេកទេសរបស់យើងបានវាយតម្លៃខ្ពស់ចំពោះបច្ចេកវិទ្យា ហើយនិងការងាររបស់អីុតាលីដែលបានធ្វើក្នុងការជួយពិនិត្យ ជួយជួសជុលប្រាសាទរបស់យើង ។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ដូច្នេះថ្ងៃនេះយើងចុះហត្ថលេខានៅលើគម្រោងមួយ គឺគម្រោងបន្តកិច្ចសហប្រតិបត្តិការហ្នឹង ។ ជាពិសេស ចំណុចដែលគួរឱ្យចាប់អារម្មណ៍នេះគឺថា កាំជណ្តើរនៅតាមកន្លែងដែលត្រូវធ្វើនេះ ទឹកព័ទ្ធជុំវិញប្រាសាទតូច ។ តាមមើលស្មានឃើញតូច ប៉ុន្តែតាមការវាស់ទៅឃើញប្រមាណ២០០ម៉ែត្រ ហើយព័ទ្ធជុំវិញប្រមាណដូចជា ៥,៦គីឡូម៉ែត្រ បើលាតសន្ធឹងទៅឃើញថាវែង ប៉ុន្តែនេះជារង្វង់ព័ទ្ធជាបួនជ្រុងជុំវិញប្រាសាទអង្គរ ។ កាលសម័យដើមគឺគេឃើញដូចជាកាំជណ្តើរជុំវិញ មើលទៅឃើញស្អាត ប៉ុន្តែកន្លែងខ្លះមានការធ្លាក់ចូលទៅក្នុងទឹក។
ឥឡូវនេះអ្នកជំនាញមានលោកសាស្ត្រាចារ្យSantoro ហើយនិងក្រុមជំនាញរបស់ពួកគាត់ដែលមានក្រុមជំនាញស្នាដៃបច្ចេកវិទ្យាខ្ពស់រៀបកំផែងឥដ្ឋនោះ ជណ្តើរឥដ្ឋហ្នឹង បើសិនជាបានឈរចំពីមុខប្រាសាទអង្គរតូចនឹងឃើញ ។ កាលពីក្រុមជំនាញអីុតាលីធ្វើគឺមានក្រុមខ្លះធ្វើដែរ ប៉ុន្តែធ្វើហើយមានកន្លែងខ្លះធ្លាក់ទៅអស់ ។ ប៉ុន្តែក្រុមជំនាញអីុតាលីដែលមានលោក Santoro នេះតែរៀបហើយគឺជាប់មិនរបូតទេ ។
ថ្ងៃនេះបូកសរុបកិច្ចសហប្រតិបត្តិការកម្ពុជា-អីុតាលី បើគិតទៅជិត២០ឆ្នាំហើយ ហើយឥឡូវយើងកំពុងតែបន្តនៅផ្នែកខ្លះនៃប្រាសាទអង្គរ ។ ឥឡូវនេះអាជ្ញាធរអប្សរាក៏រួមចំណែកដែរជាមួយអ្នកជំនាញមកពីសាកលវិទ្យាល័យអីុតាលី ដើម្បីធ្វើជាជំហានៗ បើធ្វើទាំងអស់តែម្តងរកលុយធ្វើមិនបានទេ វែង ធ្វើជាជំហានៗ អស់លុយឈប់សិនទៅ បានលុយធ្វើទៀត ៕
ចែករំលែកព័តមាននេះ