លោកអាប់ដាល់ឡាហ៍អាល់ សឺនូស៊ីអតីតប្រមុខភ្នាក់ងារសើុបការណ៍នៃរបបលោកមូអាម៉ា កាដាហ្វីដែលតាមរកចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិCPI ត្រូវបានប្រទេសម៉ូរីតានីធ្វើបត្យាប័ន ហើយប្រគល់ឱ្យដល់លីប៊ីកាលពីថ្ងៃទី៥ កញ្ញា ដែលលោកត្រូវគេឃុំឃាំងនៅទីនោះ ។
លោកតាហា បាអារ៉ា អគ្គរដ្ឋអាជ្ញារងលីប៊ីគូសបញ្ជាក់ថា យើងអះអាងថាលោកអាល់សឺនូស៊ីត្រូវបានប្រគល់ឱ្យដល់លីប៊ីរួចហើយគឺប្រគល់ឱ្យដល់ការិយាល័យអគ្គរដ្ឋអាជ្ញា ។ លោកត្រូវទទួលការពិនិត្យសុខភាពជាទម្លាប់ហើយការសួរចម្លើយនឹងធ្វើបន្ទាប់ពីនោះមក ។ បន្ទាប់មកទៀតយើងនឹងសម្រេចពីភព្វវាសនារបស់លោក ។
មុននេះនាយករដ្ឋមន្ត្រីលីប៊ីលោកអាប់ដែលរ៉ាហ៊ីម អាល់គីប អះអាងថា អតីតប្រមុខភ្នាក់ងារសើុបការណ៍ព្រមទាំងអ្នកទទួលខុសត្រូវដទៃៗទៀត នៃរបបលោកកាដាហ្វីនឹងទទួលការកាត់ទោសដោយស្មើភាពមួយយោងតាមបណ្តាបទដ្ឋានអន្តរជាតិ ហើយភាពថ្លៃថ្នូររបស់មនុស្សនឹងត្រូវគោរព។ នោះជាច្បាប់មួយដែលប្រជាជនលីប៊ីពុំមានឡើយក្រោមរបបលោកកាដាហ្វី ។
ក្នុងសន្និសីទសារព័ត៌មានមួយអ្នកនាំពាក្យរបស់រដ្ឋាភិបាលលីប៊ីលោកណាស័រអាល់ម៉ាណាអាអះអាងថាលោកអាប់ដាល់ឡាហ៍សឺនូស៊ី ត្រូវឃុំឃាំងក្នុង ពន្ធនាគារមួយនៃក្រុងទ្រីប៉ូលី ជាកន្លែងឃុំឃាំង បណ្តាអ្នកទទួលខុសត្រូវជាន់ខ្ពស់នៃរបបលោកកាដាហ្វីក្នុងនោះមានអតីតនាយករដ្ឋមន្ត្រីលោកបាក់ដាឌី ម៉ាមូឌី ផង ៕
ចែករំលែកព័តមាននេះ