រដ្ឋាភិបាលកូឡុំប៊ីកាលពីថ្ងៃទី៥ កញ្ញា បានចាត់តំាងក្រុមចរចាកម្រិតខ្ពស់មួយដឹកនាំដោយអតីតអនុប្រធានាធិបតីមួយរូបលោកហ៊ុម ប័រតូ ដឺឡាកាល់ ដើម្បីចូលរួមក្នុងការចរចាសន្តិភាពជាមួយពួកឧទ្ទាមកងកម្លាំងបដិវត្តន៍កូឡុំប៊ី FARC ដែលការចរចានោះគ្រោងធ្វើចាប់ពីខែតុលាទៅនៅប្រទេសន័រវែសបន្ទាប់មកនៅគុយបា ។
ប្រធានាធិបតីកូឡុំប៊ីលោកហ្សង់ ម៉ានុយអែល សាន់តូស មុននេះបានប្រកាសពីការចរចានោះជាមួយពួកFARC ដែលជាការចរចាលើកទី៤ហើយ រយៈពេល៣០ឆ្នាំ កន្លងមកនេះ ហើយរូបលោកផ្ទាល់បានប្រកាសពីក្រុមអ្នកចរចានោះដែលមានមនុស្ស៥នាក់ ក្នុងនោះមានបណ្តាអតីតអ្នកទទួសខុសត្រូវយោធាជាន់ខ្ពស់ ។
អតីតចៅក្រមតុលាការកំពូលលោក ដឺឡាកាល់អាយុ៦៦ឆ្នាំ មានបទពិសោធន៍នយោបាយ ច្រើនពីព្រោះលោកធ្លាប់ធ្វើជាពិសេសរដ្ឋមន្ត្រីមហាផ្ទៃរវាងឆ្នាំ១៩៩០ និង១៩៩៣ បន្ទាប់មកជាអនុប្រធានាធិបតីរវាងឆ្នាំ១៩៩៣ ទៅ១៩៩៦ ។លោកធ្លាប់ធ្វើរដ្ឋមន្ត្រីមហាផ្ទៃម្តងទៀតរវាងឆ្នាំ២០០០ទៅ២០០១ជាសម័យកាលដែលរដ្ឋាភិបាលប៉ុនប៉ងធ្វើការចរចាចុងក្រោយ១ជាមួយពួកFARCដែលមានយុទ្ធជនប្រមាណជា៩.០០០នាក់ ក្រោយបង្កើតរយៈពេលជិត៤៨ឆ្នាំមក ។
ក្រុមអ្នកចរចានោះនៅមានឧត្តមសេនីយ៍ចូលនិវត្តន៍២រូបគឺអតីតនាយកប៉ូលិសជាតិ លោកអូស្ការណារ៉ាន ចូ និងអតីតមេបញ្ជាការយោធាលោកហ្ស៊ក អេនរីក ម៉ូរ៉ារ៉ានហ្សែល ព្រមទាំងទីប្រឹក្សាសន្តិសុខ បច្ចុប្បន្នរបស់ប្រធានាធិបតីលោកស័រហ្ស៊ីយ៉ូ ហ្សារ៉ាមីលឡូ ។ អតីតរដ្ឋមន្ត្រីបរិស្ថានលោកហ្វ្រង់ពីល និងតំណាងពិភពសេដ្ឋកិច្ចប្រធានសមាគម ឧស្សាហកម្ម លោកល្វីសកាឡូស វីលឡឺហ្គាសាន់ ក៏មានឈ្មោះក្នុងក្រុមនេះដែរ ៕
ចែករំលែកព័តមាននេះ