ខេត្តក្រចេះ ៖ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងខែសីហា ឆ្នាំ២០១២នេះកើតឡើងចំនួន១៦លើក លើ១៧លើកក្នុងរយៈពេលដូចគ្នានៃខែកក្កដាគឺថយចុះ១លើក ស្មើនឹងជាង៥% ក្នុងចំណោមស្រុកទាំង៥ និងក្រុង១នៅទូទាំងខេត្តក្រចេះក្នុងនោះស្រុកស្នួលគឺមានអត្រាខ្ពស់ជាងគេ ។
យោងតាមរបាយការណ៍បានឱ្យដឹងថា អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០១២ គិតចាប់ពីថ្ងៃទី១០ កក្កដា ដល់ថ្ងៃទី១០ សីហា នេះករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៦លើកលើ១៧លើក បើប្រៀបធៀបនឹងខែកក្កដា កន្លងទៅមានការថយចុះចំនួន១លើក ស្មើនឹងជាង៥% ហើយបណ្តាគ្រោះថ្នាក់ចរាចរណ៍ទាំងនេះបានកើតឡើងនៅតាមបណ្តាស្រុក ក្រុង រួមមានក្រុងក្រចេះចំនួន៣លើក ស្រុកចិត្របុរីចំនួន២លើក ស្រុកឆ្លូងចំនួន០លើក ស្រុកព្រែកប្រសព្វចំនួន១លើក ស្រុកសំបូរ១លើក ស្រុកស្នួល៩លើក។
គ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយរថយន្តបុកម៉ូតូ៥លើក រថយន្តកៀរអ្នកថ្មើរជើង១លើក ម៉ូតូបុករថយន្តចំនួន២លើក ម៉ូតូបុកម៉ូតូចំនួន៣លើករថយន្តកៀរម៉ូតូចំនួន២លើក ម៉ូតូបុកអ្នកថ្មើរជើងចំនួន២លើក ម៉ូតូកៀរម៉ូតូចំនួន១លើក ។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហានេះបានបណ្តាលឱ្យមនុស្សរងរបួសស្រាលចំនួនម្នាក់បើប្រៀបធៀបទៅនឹងខែមុនមានការថយចុះចំនួន១១នាក់ស្មើនឹងជាង៩១% ។ រងរបួសធ្ងន់ចំនួន១៨នាក់លើ១៧នាក់(ស្រីម្នាក់) បើប្រៀបធៀបទៅនឹងខែមុនមានការកើនឡើងចំនួនម្នាក់ ស្មើនឹងជាង៥% និងបង្កឱ្យមានមនុស្សស្លាប់ចំនួន៣នាក់លើ១០នាក់ បើប្រៀបធៀបទៅនឹងខែមុនមានការថយចុះចំនួន៧នាក់ស្មើរនឹងជាង៧០% ក្នុងនោះស្លាប់នៅកន្លែងកើតហេតុ២នាក់ និងនៅមន្ទីរពេទ្យម្នាក់។
មន្ត្រីជំនាញចរាចរណ៍ជើងគោកខេត្តបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់គឺបណ្តាលមកពីការបើកបរមិនគោរពសិទ្ធអាទិភាព បើកបរលើសល្បឿនកំណត់ បើកបរស្រវឹង និងបើកបរប្រជែងគ្នាខ្វះការប្រុងប្រយ័ត្ន ៕
ចែករំលែកព័តមាននេះ