ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍ថាមនុស្សយ៉ាងតិច២៥នាក់ ស្លាប់ហើយ ៤០នាក់ទៀតត្រូវភ្លើងរលាកធ្ងន់ធ្ងរដោយសារគ្រោះអគ្គិភ័យមួយដែលកើតមានកាលពីថ្ងៃទី៥ កញ្ញា ក្នុងរោងចក្រកាំជ្រួចភ្លើងមួយស្ថិតនៅស្រុកស៊ីវ៉ា កាស៊ី រដ្ឋតាមីលណាឌូ ភាគខាងត្បូងឥណ្ឌា ។
យោងតាមរូបភាពរបស់ទូរទស្សន៍ក្នុងស្រុកកន្លែងដែលមានភ្លើងឆេះប្រៀបដូចជាទីតាំងនៃការផ្ទុះមួយជាមួយនឹងបណ្តាមនុស្សខិតខំស្រវេស្រវារត់គេចឱ្យរួចផុតពីសេចក្តីស្លាប់ ។យោងតាមទូរទស្សន៍TIMES NOW ថាចំនួនជនរងគ្រោះអាចមានច្រើនជាងនេះទៀត មកពីភ្លើងឆេះរាលដាលដល់កន្លែងស្តុកជិតខាងដែលនៅទីនោះមនុស្សច្រើននាក់អាចជួបគ្រោះថ្នាក់ ។
មនុស្សយ៉ាងតិច៣០០នាក់មានវត្តមានពេលមានអគ្គិភ័យនោះដែលកើតឡើងនាវេលាម៉ោង១៣។ពួកអ្នកជួយសង្គ្រោះពុំហ៊ានចូលក្នុងអគាររោងចក្រឡើយ ព្រោះអណ្តាតភ្លើងនៅតែខ្លាំងក្លា ។ ជនរងគ្រោះភាគច្រើនជាអ្នកដំណើរ ខណៈដែលចំនួនពិតប្រាកដនៃមនុស្សនៅក្នុងរោងចក្រពុំទាន់ដឹងនៅឡើយ ៕
ចែករំលែកព័តមាននេះ