រាជធានីភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់វាយដំបែកក្បាល និងរបួសពេញខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពឡើងផ្ទះគេលួចខោអាវ ហើយត្រូវម្ចាស់គេទាន់ស្រែកឆោឡោព័ទ្ធចាប់បានម្នាក់ រួចវាយម្នាក់មួយដៃមួយជើងមុនពេលប៉ូលិសមកដល់វាយខ្នោបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៥ កញ្ញា ឆ្នាំ២០១២ នៅតាមផ្លូវលេខ១៩២Z សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះម៉ៅ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករលើកបន្លែនៅផ្សារនាគមាស ស្នាក់នៅតាមសំយាបផ្សារ ។
តាមមន្ត្រីប៉ូលិសបានឱ្យដឹងថា នៅវេលាម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី៥ កញ្ញា ជនសង្ស័យមានបក្សពួក២នាក់បានធ្វើសកម្មភាពឡើងផ្ទះប្រជាពលរដ្ឋនៅតាមផ្លូវលេខ១៩២Z ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដើម្បីលួចខោអាវ ។ សកម្មភាពនោះត្រូវម្ចាស់ផ្ទះឃើញទាន់ក៏នាំគ្នាស្រែកចោរៗហើយជនម្នាក់បានរត់គេចខ្លួនបាត់ និងម្នាក់ទៀតបានរត់ទៅពួនសម្ងំក្នុងផ្ទះប្រជាពលរដ្ឋអស់រយៈពេលប្រមាណជាង៣ម៉ោង ទើបគេរកឃើញក៏នាំគ្នាចាប់វាយដំម្នាក់មួយដៃមួយជើងបណ្តាលឱ្យរងរបួសក្បាល ដៃ និងជើង ហើយត្រូវប៉ូលិសចុះទៅចាប់វាយខ្នោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា នៅយប់នោះខ្លួនមានគ្នា២នាក់បានឡើងផ្ទះប្រជាពលរដ្ឋដើម្បីលួចយកខោអាវ តែត្រូវម្ចាស់គេទាន់នាំគ្នាដេញចាប់បានវាយតែម្តង ។ គេនិយាយថា «លួចគេបានវាគ្រាន់ដល់ពេលគេទាន់វាក្រែល» ដូចជននេះត្រូវប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន ៕
ចែករំលែកព័តមាននេះ