រាជធានីភ្នំពេញ ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី៥ កញ្ញា នៅទីស្តីការក្រសួងបានអនុញ្ញាតឱ្យប្រធានអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជនចូលជួបសម្តែងការគួរសម និងសំណេះសំណាលអំពីបញ្ហាការងារ និងគោលដៅដែលអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជនសម្រេចបានកន្លងមក ។
លោកទូច វណ្ណៈ ប្រធានអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជនបានថ្លែងថា សកម្មភាពដែលអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជនសម្រេចបានមានដូចជាសកម្មភាពអប់រំសីលធម៌ សកម្មភាពថែរក្សាព្រះពុទ្ធសាសនា និងកសាងវត្តអារាម ព្រមទាំងសកម្មភាពចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស(យុវជន) ក្នុងនោះអង្គការបានបង្កើតកម្មវិធីអប់រំ តាមវិទ្យុមួយចំនួន និងកសាងវត្តអារាម ជាពិសេសអង្គការបានចុះធ្វើបទបង្ហាញស្តីពី «គន្លឹះរៀនឱ្យពូកែ» ។
លោកទូច វណ្ណៈ បានថ្លែងបន្តថា អង្គការបានបង្កើតកម្មវិធីអប់រំតាមវិទ្យុមួយចំនួនមានដូចជា កម្មវិធី «វេទិកា សបី» កម្មវិធី «យុវជនសម័យតេជោ» កម្មវិធីម្ចាស់អាណាចក្រ និងកម្មវិធី«យប់មួយនៅភ្នំពេញ» ជាដើម ។ ជាមួយនេះអង្គការក៏បានចូលរួមកសាងវត្តអារាមបានចំនួន៥ និងបានចុះធ្វើបទបង្ហាញស្តីពី «គន្លឹះរៀនឱ្យពូកែ»ដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ បានជិតបីពាន់នាក់នៅក្នុង៧រាជធានី-ខេត្ត ។
លោកទូច វណ្ណៈ បានបញ្ជាក់ទៀតថា កម្មវិធីវិទ្យុដែលអង្គការបង្កើតឡើងមានសកម្មភាពអប់រំសីលធម៌ សកម្មភាពថែរក្សាព្រះពុទ្ធសាសនា និងកសាងវត្តអារាម សកម្មភាពចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស (យុវជន) កំពុងដំណើរការ ប៉ុន្តែមានកម្មវិធីវិទ្យុមួយចំនួនបានផ្អាកដំណើរការដោយសារគ្មានថវិកាទ្រទ្រង់ ។
លោកខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការបង្កើតសកម្មភាពចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស (យុវជន) សកម្មភាពអប់រំសីលធម៌ សកម្មភាពថែរក្សាព្រះពុទ្ធសាសនា និងការងារកសាងវត្តអារាម ជាការល្អប្រសើរក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ហើយនេះគឺជាឧត្តមគតិដ៏ខ្ពង់ខ្ពស់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិ ៕
ចែករំលែកព័តមាននេះ