ទីភ្នាក់ងារព័ត៌មានស៊ីរីSANA រាយការណ៍ថា ប្រធានាធិបតីស៊ីរីលោកបាចាអាល់អាសាដកាលពីថ្ងៃទី៤ កញ្ញា បានសម្តែងការស្វាគមន៍ចំពោះការខិតខំប្រឹងប្រែងខាងមនុស្សធម៌របស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ CICR ដែលបានបំពេញបេសកកម្មដោយឯករាជ្យនិងគ្មានលម្អៀងទាំងស្រុង ។
លោកអាសាដអះអាងបែបនេះក្នុងពេលលោកជួបជាមួយប្រមុខ CICR លោកPETER MAURER ដែលមកកាន់ស៊ីរីនាពេលមុននេះដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃមួយដោយក្នុងឱកាសនោះលោកនឹងជួបជាមួយបណ្តាអ្នកទទួលខុសត្រូវជាន់ខ្ពស់ស៊ីរី ។
ចំណែកក្រុមប្រឆាំងស៊ីរីមួយថ្លែងកាលពីថ្ងៃទី៤ កញ្ញា នៅក្រុងមូស្កូថាខ្លួនប្រឆាំងនឹងការដាក់លក្ខខណ្ឌមុនបើកការចរចានយោបាយជាតិមួយក្នុងប្រទេស ។
លោកហ្វាធីចាមូស មេដឹកនាំរបស់កងកម្លាំងចម្រុះដើម្បីការផ្លាស់ប្តូរដោយសន្តិវិធីនៅស៊ីរីដែលបានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកមីខាអីុល បូសដាណូវអះអាងថា យើងប្រឆាំងចំពោះការបង្កើតរាល់លក្ខខណ្ឌជាមុនសម្រាប់ការចរចា ។ លក្ខខណ្ឌទាំងនោះនឹងគ្រាន់តែជាការបង្កើនវិបត្តិ ហើយនឹងត្រូវទទួលការបង់ខាតកាន់តែខ្ពស់ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ