រាជធានីភ្នំពេញ ៖ ម៉ូតូវីវ៉ា ពណ៌ខ្មៅ បើកបុកម៉ូតូសង់កូរ៉េ ពណ៌ក្រហម បណ្តាលឱ្យដេកដួលរដូករណែលតាមផ្លូវ ស្រាប់តែរថយន្តកូរ៉ូឡាបោះពួយលឿនស្លេវមកដល់បុកម៉ូតូវីវ៉ាខ្ទាតទៅចិញ្ចើមផ្លូវ រួចកិនពីលើម្ចាស់ម៉ូតូបាក់ជើងខាងស្តាំ ចំណែករថយន្តបើករត់គេចបាត់ស្រមោល ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ កញ្ញា ២០១២ នៅទល់មុខសាលាសង្កាត់ស្ទឹងមានជ័យ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា ម៉ូតូវីវ៉ា ពណ៌ខ្មៅ ធ្វើដំណើរពី កើតទៅលិច រីឯម៉ូតូសង់កូរ៉េ ពណ៌ក្រហម បើកពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចខាងលើ ស្រាប់តែម៉ូតូវីវ៉ាមកបុកម៉ូតូសង់កូរ៉េបណ្តាលឱ្យដេកដួលរដូករណែលតាមផ្លូវ ស្របពេលនោះដែរ មានរថយន្តកូរ៉ូឡាមួយគ្រឿងមិនច្បាស់ពណ៌បើកយ៉ាងលឿនមកដល់បុកម៉ូតូវីវ៉ាខូចខាតយ៉ាងដំណំរុញខ្ទាតទៅចិញ្ចើមផ្លូវ រួចកិនពីលើម្ចាស់ម៉ូតូបាក់ជើងស្តាំ ហើយរថយន្តបើករត់គេចបាត់ស្រមោល ។ ចំណែកម្ចាស់ម៉ូតូសង់កូរ៉េមិនមានរងរបួសទេ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឯម៉ូតូទាំង២គ្រឿងរងការខូចខាតត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌមានជ័យ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ