រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការចុះផ្សាយតាមប្រព័ន្ធសារព័ត៌មានក្នុងស្រុកនានា ដែលបានចោទប្រកាន់ថារដ្ឋរំលោភលើដីឯកជនជាង៣៤ហិកតានោះ សាលារាជធានីភ្នំពេញបានមានប្រតិកម្មយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងបញ្ហានេះ ។
ព្រលឹមអុលស្ទើរតែលុបមុខមិនទាន់ មានមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញម្នាក់សុំមិនបញ្ចេញឈ្មោះ ក្រោយពីបានអានសារព័ត៌មាន«កោះសន្តិភាព»ភ្លាម បានមានប្រតិកម្មភ្លាម ហើយក៏សុំការបកស្រាយឆ្លើយតបតាមរយៈសារព័ត៌មាន«កោះសន្តិភាព»វិញដែរទាន់នៅក្តៅ ។
មន្ត្រីជាន់ខ្ពស់រូបនោះបញ្ជាក់ថា ដីដែលក្រុមហ៊ុនឡាយីម៉ិចហូលឌីងគ្រុប ចោទថា រដ្ឋរំលោភយកជាង៣៤ហិកតានោះ សាលារាជធានីភ្នំពេញមិនទទួលស្គាល់នោះទេ ហើយក្រុមហ៊ុនក៏មិនមានឯកសារណាមួយយកមកសំអាងនោះដែរ ។ ឯសាលារាជធានីភ្នំពេញវិញមានឯកសារ ព្រមទាំងមានប្លង់គូសវាសត្រឹមត្រូវពីមន្ត្រីជំនាញពាក់ព័ន្ធ និងស.ជ.ណ ពីរាជរដ្ឋាភិបាលចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៥ មកម៉្លេះ ដោយតម្រូវឱ្យរក្សាទុកផ្ទៃបឹងចំនួន១៥៧ហិកតាដែលនៅសល់ពីការអភិវឌ្ឍន៍ឱ្យរក្សាទុកជាអាងស្តុកទឹក ។ ប៉ុន្តែផ្ទុយទៅវិញផ្ទៃបឹងមួយផ្នែកនេះត្រូវបានក្រុមហ៊ុនខាងលើរំលោភយកដោយគ្មានការកោតញញើតដល់អាជ្ញាធរឡើយ ។
មន្ត្រីដដែលនោះបានបញ្ជាក់ថា សាលារាជធានីភ្នំពេញមិនលើកលែងឱ្យលោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឡាយីម៉ិចហូលឌីងគ្រុបឱ្យរួចខ្លួននោះទេ ហើយទុកពេលឱ្យ២ថ្ងៃ បើមិនឆាប់បញ្ចប់បញ្ហានេះទេ ។ មន្ត្រីជាន់ខ្ពស់ដដែលនិយាយថា សាលារាជធានីភ្នំពេញរង់ចាំបើកទ្វារក្នុងការដោះស្រាយ ដែលជម្រើសរបស់លោកស្រីក្នុងការដោះស្រាយមាន២ចំណុច គឺទី១- លោកស្រីបានកម្មសិទ្ធិដី និងទី២- ឬលោកស្រីប្រឈមមុខជាមួយពន្ធនាគារ គឺជាប់គុកតែម្តង ។
ដោយឡែកមានមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញម្នាក់ទៀតក៏បានជួបអ្នកយកព័ត៌មាន«កោះសន្តិភាព»ដោយផ្ទាល់មាត់ ដោយមានឯកសារបញ្ជាក់គ្រប់គ្រាន់តាំងពីប្រវត្តិបឹងពោងពាយ និងការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ ដែលពាក់ព័ន្ធទៅនឹងបញ្ហាទំនាស់ខាងលើនេះ ។ លោកបានបញ្ជាក់ថា បញ្ហាបឹងពោងពាយនេះមិនមែនជារឿងថ្មី ហើយក៏មិនចម្លែកដែរ បើគេប្រើពាក្យថាបឹងវាគឺជាសម្បតិ្តរបស់រដ្ឋរួចទៅហើយ ។ ចាប់តាំងពីរាជរដ្ឋាភិបាលសម្រេចចិត្តវាយកម្ទេចទីក្រុងឡុងឈិនរួចមក រាជរដ្ឋាភិបាលក៏បានចេញលិខិតជាបន្តបន្ទាប់ឱ្យរក្សាផ្ទៃបឹងដែលមានទំហំ១៥៧ហិកតា ដែលជាអាងស្តុកទឹក ព្រមទាំងប្រគល់ដីមានទំហំជាង២០០ហិកតា ប្រគល់ឱ្យក្រុមហ៊ុនវើលស៊ីធី ជាទីក្រុងរណបផងដែរ ។
មន្ត្រីរូបនោះបានបញ្ជាក់ថា ផ្ទៃបឹងពោងពាយផ្នែកខាងជើងដែលជាដីទំនាស់ ដែលរដ្ឋាភិបាលឱ្យរក្សាទុកសម្រាប់អាងស្តុកទឹកនោះត្រូវបានគេរំលោភដែលមានឈ្មោះអ្នកមានលុយមហាសាលចំនួន៨នាក់ ក្នុងនោះក៏មានលោកស្រីឈិន សុគន្ធារី ហៅយាយក្រពើ ផងដែរ ដែលសាលារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលមិនអត់ឱនឱ្យបានទេ ។
គួរបញ្ជាក់ថា បើតាមការខ្សិបខ្សៀវគ្នាពីខាងក្រៅ ឬអាចចាត់ទុកក្រៅផ្លូវការថា សាលារាជធានីភ្នំពេញ ឬរាជរដ្ឋាភិបាលដែលចង់លើកកកាយរក្សាផ្ទៃបឹងពោងពាយខាងជើងដែលជាដីទំនាស់នេះឡើងវិញនោះ ក៏ព្រោះចង់យកទៅឱ្យឧកញ៉ាម្នាក់ជាសេដ្ឋី ជាថ្នូរទៅនឹងការស្ថាបនាកីឡដ្ឋានដ៏ធំស្កឹមស្កៃមួយខ្នាតអន្តរជាតិ ជូនរាជរដ្ឋាភិបាលនៅម្តុំចុងស្ពានព្រែកព្នៅ ផ្នែកខាងកើត ក្នុងតំបន់របស់ឧកញ៉ាលី យ៉ុងផាត់ គ្រប់គ្រង ។ ទោះជាយ៉ាងណា មន្ត្រីនោះនិយាយថា នេះជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ហើយការស្ថាបនាកីឡដ្ឋានក៏សម្រាប់ប្រទេសជាតិផងដែរ មិនមែនសម្រាប់បុគ្គលណាម្នាក់នោះទេ ៕
ចែករំលែកព័តមាននេះ