ក្រុងប៉ោយប៉ែត ៖ មន្ត្រីពាណិជ្ជកម្មចំនួន៣៣រូបមកពីខេត្តកំផែងផិតប្រទេសថៃ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៥ កញ្ញា ២០១២ បានចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆ្ពោះទៅខេត្ត២ បាត់ដំបង និងខេត្តប៉ៃលិន ដើម្បីសិក្សាការងារជាមួយអាជ្ញាធរកម្ពុជានៃខេត្តទាំង២ ។ ប្រតិភូពាណិជ្ជកម្មប្រទេសថៃ ត្រូវបានភាគីកម្ពុជាយករថយន្តកាំមីញ៉ុង៤៥កៅអី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ទៅដឹកដល់សណ្ឋាគារអារញ្ញមើមែត ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។
តាមការឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ កញ្ញា ២០១២ នេះលោកនេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រាប់ថា ប្រតិភូថៃខាងលើនឹងធ្វើដំណើរទៅខេត្ត២ គឺបាត់ដំបង និងប៉ៃលិន ដើម្បីសិក្សាការងារ ។ លោកបន្តថា ប្រតិភូក្រុមនេះជាមន្ត្រីពាណិជ្ជកម្មនៃខេត្តកំផែងផិត ប្រទេសថៃ មានចំនួន៣៣នាក់ ។ មន្ត្រីដដែលឱ្យដឹងទៀតថា ប្រតិភូក្រុមនេះក្រោយចប់ការងារក្នុងខេត្ត២ ខាងលើ នឹងធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញនៅល្ងាចថ្ងៃដដែលតាមច្រកអន្តរជាតិព្រំដែន ខេត្តប៉ៃលិន ឈមនឹងច្រកបានផាកាត ខេត្តចាន់បូរី ប្រទេសថៃ ។
ទោះបីជាបែបណា លោកនេត សំអាត ប្រាប់ថា ការចូលមកសិក្សាការងាររបស់ប្រតិភូថៃមួយក្រុមនេះ ខាងប្រតិភូថៃមិនបានប្រាប់លម្អិតពីការសិក្សាការងារនោះថា ធ្វើយ៉ាងណា ឬសិក្សាទៅលើផ្នែកអ្វីនោះទេ ៕
ចែករំលែកព័តមាននេះ