រាជធានីភ្នំពេញ ៖ រថយន្តមីតស៊ុយប៊ីស៊ី CANTER ចំណុះ២តោនកន្លះ មួយគ្រឿង ពណ៌សលាយផ្ទៃមេឃដឹកស៊ីប្រូលាត ថយក្រោយធ្លាក់ក្នុងលូផ្អៀងមួយចំហៀង បណ្តាលឱ្យធ្លាក់ស៊ីប្រូចខូចខាតអស់មួយចំនួន និងកម្មករម្នាក់ដែលអង្គុយលើស៊ីប្រូរអិលធ្លាក់រងរបួសជើង កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៤ កញ្ញា មុខការដ្ឋានកំពុងសាងសង់មួយកន្លែង តាមផ្លូវលេខ១៧៣ កែងផ្លូវលេខ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា រថយន្តខាងលើដឹកស៊ីប្រូចំនួន៦០០សន្លឹក មានអ្នករួមដំណើរទាំងអស់៥នាក់ គឺអ្នកបើកបរម្នាក់ និងកម្មករ៤នាក់ ដឹកចេញពីក្រុមហ៊ុនមួយដែលមានទីតាំងនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ យកទៅដាក់នៅជិតកន្លែងកើតហេតុខាងលើ ដោយបើកតាមផ្លូវលេខ១៧៣ ពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវកែងរថយន្តបត់ឆ្វេង តែដោយសារមានរថយន្ត និងម៉ូតូឆ្លងកាត់ច្រើន ទើបរថយន្តដឹកស៊ីប្រូនោះបើកហួសទៅមុខបន្តិចរួចថយក្រោយមកវិញ ដើម្បីដាក់ស៊ីប្រូពីលើរថយន្ត ។
ពេលកំពុងតែថយក្រោយនោះ ស្រាប់តែកិនគម្របលូនៅចិញ្ចើមផ្លូវបណ្តាលឱ្យបាក់ផុងកង់ចូលក្នុងលូផ្អៀងរថយន្តមួយចំហៀងធ្លាក់ស៊ីប្រូពីលើរថយន្តបាក់បែកអស់មួយចំនួន និងកម្មករម្នាក់ដែលអង្គុយលើស៊ីប្រូនោះរមៀលធ្លាក់របួសជើងម្ខាង ។ក្រោយពេលកើតហេតុគេបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកគម្របលូដែលខូចខាតនោះត្រូវបានខាងរថយន្តបង្កជាអ្នកសង រួចបានយករថយន្តមួយគ្រឿងទៀត មកផ្ទេរស៊ីប្រូ និងស្ទូចរថយន្តចេញពីកន្លែងកើតហេតុដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ