រាជធានីភ្នំពេញ ៖ រៀងរាល់យប់គេតែងសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងមិនតិចលើកទេដែលកត្តាភាគច្រើនបង្កឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង ។ ដោយឡែកសម្រាប់រាត្រីថ្ងៃទី៤ កញ្ញា ករណីគ្រោះថ្នាក់ចរាចរណ៍ហាក់មានសភាពស្ងប់ស្ងាត់ ពោលគឺមានតែ១ករណីប៉ុណ្ណោះ ម៉ូតូសេ១២៥ បុកជាមួយម៉ូតូឃ្លីកនៅចំណុចផ្លូវកែង បណ្តាលឲ្យអ្នកបើកម៉ូតូសេ១២៥ដួលបែកមុខបែកមាត់ ចំណែកអ្នកបើកម៉ូតូឃ្លីករងរបួសស្រាល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ក្នុងភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ត្រង់ចំណុចផ្លូវលេខ៩០ កែងផ្លូវលេខ៤៧ ។
ម៉ូតូសេ១២៥ ពណ៌ខ្មៅ បើកបរក្នុងស្ថានភាពស្រវឹងជិះតាមផ្លូវលេខ៩០ ពីត្បូងទៅជើង ចំណែកម៉ូតូឃ្លីក ពណ៌ខ្មៅលាយក្រហម ជិះគ្នា២នាក់តាមផ្លូវលេខ៤៧ ពីជើងទៅត្បូង ខណៈមកដល់ផ្លូវកែងម៉ូតូសេ១២៥បត់ឆ្ពោះទៅផ្លូវលេខ៤៧ ក៏បុកជាមួយម៉ូតូឃ្លីកដួលរងរបួសបែកមុខបែកមាត់ ចំណែកអ្នកបើកម៉ូតូឃ្លីករងរបួសរលាត់ដៃជើងតិចតួច ។ក្រោយពេលកើតហេតុភាគីទាំងពីរបានជជែកគ្នាតឹងសរសៃកយកឈ្នះរៀងខ្លួន ទោះបីជាប៉ូលិសចុះទៅជួយអន្តរាគមន៍នៅតែស្តាប់គ្នាមិនបានដដែល ។ ដោយសារតែការមិនយោគយល់ ទើបសមត្ថកិច្ចបញ្ជូនភាគីទាំងពីរទៅដោះស្រាយគ្នាបន្តនៅអធិការដ្ឋានខណ្ឌដូនពេញ ៕
ចែករំលែកព័តមាននេះ