រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ កញ្ញា នៅក្រុមហ៊ុនខ្មែរប្រ៊ូវើរី មានទីតាំងនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ បានប្រារព្ធពិធីនាំចេញស្រាបៀរកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីនាំចេញទៅកាន់ប្រទេសជប៉ុននាដើមខែកក្កដា កន្លងទៅ ដែលនេះជាការនាំចេញទៅលក់នៅបរទេសលើកទី២របស់ស្រាបៀរកម្ពុជា។
ស្រាបៀរកម្ពុជាបានទទួលការទុកចិត្តទៅលើគុណភាព និងរសជាតិពីសំណាក់ដៃគូដែលមានបទពិសោធន៍យូរឆ្នាំក្នុងការចែកចាយស្រាបៀរនៅទូទាំងប្រទេសម៉ាឡេស៊ី ។ ការនាំចេញនេះ គឺជាការជោគជ័យថ្មីមួយទៀតរបស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី ក៏ដូចជារបស់ប្រជាជនកម្ពុជាយើងទាំងមូល ដែលប្រទេសយើងអាចធ្វើការនាំចេញស្រាបៀរកម្ពុជាទៅកាន់បណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿន ។
ក្រុមហ៊ុនខ្មែរប្រ៊ូវើរី នឹងបន្តស្វែងរកដៃគូថ្មីៗថែមទៀតដើម្បីនាំយកស្រាបៀរកម្ពុជាដែលជាស្រាបៀររបស់ជាតិទៅលក់នៅតាមបណ្តាប្រទេសរីកចម្រើនជឿនលឿនដទៃទៀត មានដូចជា សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ។ល។
ជារៀងរាល់ខែ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី បាននាំស្រាបៀរកម្ពុជាចេញទៅកាន់ប្រទេសម៉ាឡេស៊ី ពី២ទៅ៣កុងតឺន័រ ។ សម្រាប់ថ្ងៃនេះ ក្រុមហ៊ុនបាននាំស្រាបៀរកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីចំនួន២កុងតឺន័រ ក្នុងនោះមួយកុងតឺន័រមានចំនួន២.៣០០កេស ។
គួរបញ្ជាក់ផងដែរថា រោងចក្រផលិតស្រាបៀរដ៏ទំនើបនេះ ត្រូវបានវិនិយោគ១០០ភាគរយដោយប្រជាជនខ្មែរក្នុងស្រុកសុទ្ធសាធ ។ រោងចក្រគំរូមួយនេះ គឺជារោងចក្រលំដាប់ថ្នាក់អន្តរជាតិ ដែលបំពាក់ទៅដោយគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់មកពីប្រទេសអាល្លឺម៉ង់ ប្រើប្រាស់វត្ថុធាតុដើមនាំចូលពីសហគមន៍អឺរ៉ុបទាំងស្រុង និងមិនបង្កការប៉ះពាល់ទៅដល់បរិស្ថានរបស់យើងឡើយ ៕
ចែករំលែកព័តមាននេះ