រាជធានីភ្នំពេញ ៖ មន្ត្រីប៉ូលិសម្នាក់បានរងរបួសធ្ងន់ ដោយសារបុរសស្រវឹងម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនគេចគោលដៅត្រួតពិនិត្យលើអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬអត់កញ្ចក់ និងមានជាតិស្រវឹងជ្រុលទៅបុកពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់បែកហូរឈាមត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកជននោះរងរបួសស្រាលរលាត់ដៃជើងហើយត្រូវប៉ូលិសចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ឧប្បត្តិហេតុនេះបានកើតឡើង កាលពីល្ងាចថ្ងៃទី៣ កញ្ញា នៅលើកំណាត់ផ្លូវចោមចៅត្រង់ចំណុចគោលដៅ២៤ម៉ោង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មន្ត្រីប៉ូលិសដែលរងរបួសនោះឈ្មោះ រ័ត្ន ចិត្ត្រា អាយុ៣៧ឆ្នាំ ជាមន្ត្រីប៉ូលិសផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរដែលរហូតពេលនេះមិនទាន់ដឹងខ្លួននៅឡើយ ។ ចំណែកជនស្រវឹងស្រាដែលជិះម៉ូតូបុកប៉ូលិសនោះឈ្មោះ ញ៉ ចាន់រិទ្ធ អាយុ២២ឆ្នាំ ជាកម្មករសំណង់ស្នាក់នៅផ្ទះជួលក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិបាខុងខាងលិច ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុមន្ត្រីប៉ូលិសរងគ្រោះរួមជាមួយកងកម្លាំងសមត្ថកិច្ចដទៃទៀតបាននាំគ្នាឈរត្រួតពិនិត្យអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬអត់ដាក់កញ្ចក់ ព្រមទាំងពិនិត្យជាតិស្រវឹងនៅចំណុចគោលដៅ២៤ម៉ោងជាពិសេសត្រួតពិនិត្យអាវុធជាតិផ្ទុះ ដោយពិនិត្យជាទូទៅហើយមានរថយន្ត និងម៉ូតូជាច្រើនគ្រឿងបានឈប់ឱ្យសមត្ថកិច្ចត្រួតពិនិត្យជាបន្តបន្ទាប់ ។ លុះបន្តិចក្រោយមក ស្រាប់តែឃើញជនស្រវឹងធ្លាក់ភ្នែកនោះជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥សេ៊រីឆ្នាំ២០០៥ ពណ៌ខ្មៅក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនទៅដល់ ដោយម៉ូតូនោះអត់កញ្ចក់គេមិនបានបន្ថយល្បឿន ឬឈប់ឱ្យកងកម្លាំងសមត្ថកិច្ចត្រួតពិនិត្យនោះទេ បែរជាបន្ថែមល្បឿនកាន់តែលឿនដើម្បីគេចចេញពីការត្រួតពិនិត្យហើយក៏បានជ្រុលទៅបុកមន្ត្រីប៉ូលិសខាងលើពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ ឯជននោះក៏បានដួលដែរ ប៉ុន្តែរងរបួសស្រាល ។
ជនបង្កត្រូវបានកម្លាំងប៉ូលិសចាប់ខ្លួនបាន និងនាំទៅកាន់អធិការដ្ឋាន ដើម្បីសួរនាំ និងឃុំខ្លួនបណ្តោះអាសន្នរង់ចាំបញ្ជូនទៅកាន់តុលាការតាមផ្លូវច្បាប់ ។ ដោយឡែកប៉ូលិសរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតដែលតាមការអះអាងថា មានសង្ឃឹមតិចតួចបំផុត ៕
ចែករំលែកព័តមាននេះ