រាជធានីភ្នំពេញ ៖ យុវតីម្នាក់ជានិស្សិតសាកលវិទ្យាល័យបៀលប្រាយឆ្នាំទី៣ ឈ្មោះ ខឿន សុវណ្ណនី អាយុ២៤ឆ្នាំ មានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវលេខ២៧១ មុខផ្ទះលេខ១០៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៤ កញ្ញា ។
តាមប្រភពព័ត៌មានដែលទាក់ទិននឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ មួយគ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះ ទន់ ចាន់ថន អាយុ២៤ឆ្នាំ មានទីលំនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក បានបើករថយន្តដឹកកញ្ឆេដាក់ផ្លែស្វាយ ធ្វើដំណើរចេញពីផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សារដើមគ ឆ្ពោះទៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបើកបរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏ប៉ះគ្នាជាមួយនារីរងគ្រោះជិះម៉ូតូម៉ាកគុបមូលសេ៥០ ពណ៌កាប់ស្កាំងលាយខ្មៅ ដែលជិះស្របទិសគ្នា បណ្តាលឱ្យដួលបោកក្បាលបត់.កស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនគរបាលនៃការិយាល័យជំនាញបានចុះវាស់វែងនាំយករថយន្តរួមទាំងអ្នកបើកបររថយន្តឈ្មោះទន់ ចាន់ថន និងម៉ូតូនារីរងគ្រោះទៅកាន់ការិយាល័យជំនាញចាត់ការតាមផ្លូវច្បាប់ ។ ចំណែកឯសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារលើកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ