យោងតាមតម្រួតម៉ាដាហ្គាស្ការថា ការប៉ះទង្គិចគ្នានានាទាក់ទិនដល់ការលួចគោឡើងកនៅភាគអាគ្នេយ៍ម៉ាដាហ្គាស្ការមានការកើនឡើងដែលបណ្តាលឱ្យមនុស្សស្លាប់ជិត១០០នាក់ ហើយកាលពីចុងសប្តាហ៍កន្លងមកនេះ ក្នុងនោះចោរ៩០នាក់ស្លាប់ក្នុងប្រតិបត្តិការ២របស់ពួកអ្នកភូមិដែលមានកំហឹង ។
វរសេនីយទោ តាហ៊ីណា រ៉ាកូតូម៉ាឡាឡាប្រមុខភ្នាក់ងារប្រតិបត្តិការរបស់តម្រួតជាតិអះអាងថា ចោរលួចគោ៦៧នាក់បានត្រូវសម្លាប់ ហើយអ្នកភូមិ១២នាក់ត្រូវរបួសកាលពីយប់ថ្ងៃទី៣១ សីហា មកទី១កញ្ញា ចំណែកគោឡើងក១០០ក្បាលត្រូវពួកចោរលួច តែពួកអ្នកភូមិដណ្តើមបានគោ៩៨ក្បាលមកវិញ ។
អាជ្ញាធរតំបន់និយាយពីចោរលួចគោ៨៦នាក់ត្រូវសម្លាប់ ។ បន្ទាប់មកកងតម្រួតរាយការណ៍ពីការស្លាប់ចោរ២៣នាក់ទៀតកាលពីយប់ថ្ងៃទី២ មកទី៣ កញ្ញាក្នុងស្រុកFORT DAUPHIN ដដែល ក៏ប៉ុន្តែក្នុងឃុំផ្សេងគ្នា ។ពួកចោរលួចគោមានទម្លាប់គំរាមពួកអ្នកភូមិមុនធ្វើសកម្មភាពរបស់ពួកគេជាការសម្លុតបំភ័យ ក៏ប៉ុន្តែលើកនេះពួកអ្នកភូមិជាអ្នកចិញ្ចឹមគោបានប្រមូលគ្នាទប់ទល់ដោយធ្វើការពួនស្ទាក់វាយប្រហារពួកចោរវិញ ។ ពួកអ្នកភូមិប្រើដុំថ្ម ដំបង កាំបិត ពូថៅនិងកាំភ្លើងបាញ់សត្វវាយប្រហារពួកចោរ ៕
ចែករំលែកព័តមាននេះ