ខេត្តកណ្តាល ៖ បុរសម្នាក់បានត្រូវប៉ូលិសក្រុងតាខ្មៅ ចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកាលពីព្រឹកថ្ងៃទី៣ កញ្ញា តាមពាក្យបណ្តឹងរបស់នារីម្នាក់ប្តឹងចោទប្រកាន់ថា បានចាប់នាងរំលោភរហូតបានសម្រេចកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១ កញ្ញា នៅក្នុងផ្ទះជនសង្ស័យស្ថិតក្នុងក្រុងតាខ្មៅ បន្ទាប់ពីអ្នកទាំង២នាក់បានរួមមេត្រីជាមួយគ្នាច្រើនដងរួចមកហើយនោះ តែលើកចុងក្រោយ ស្រាប់តែបែកការណ៍ដឹងដល់អាណាព្យាបាលខាងស្រីធ្វើឱ្យតួឯកប្រុសក្លាយជាអ្នកទោសស្នេហា ។
មន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះឈ្មោះម៉ៅ រ៉ូត អាយុ២០ឆ្នាំ មានទីលំនៅក្នុងក្រុងខាងលើ។ ចំណែកនារីរងគ្រោះអាយុ២២ឆ្នាំ មានទីលំនៅក្បែរផ្ទះជនសង្ស័យ ។
យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះបានឱ្យដឹងថា នៅេវលាម៉ោង៩ព្រឹកថ្ងៃទី១ កញ្ញា ២០១២ រូបនាងបានប្រើឈ្មោះសំភាស់ ដែលត្រូវជាប្អូនជីដូនមួយរបស់ឈ្មោះម៉ៅ រ៉ូត (ជនសង្ស័យ) ឱ្យជួយយកទូរស័ព្ទទៅបញ្ចូលថ្មឱ្យ។ នៅគ្រានោះឈ្មោះសំភាស់ ក៏បានយកទូរស័ព្ទរបស់នាង (ជនរងគ្រោះ) ទៅបញ្ជូលថ្មនៅឯផ្ទះឈ្មោះម៉ៅ រ៉ូត ។ លុះដល់វេលាម៉ោង១០និង៣០នាទីនាងក៏បានទៅយកទូរស័ព្ទ ហើយបានសួរឈ្មោះម៉ៅ រ៉ូត យកទូរស័ព្ទវិញ ខណៈនោះម៉ៅ រ៉ូត បានប្រាប់នាងថា ទូរស័ព្ទដាក់សាកថ្មនៅក្នុងបន្ទប់របស់បងស្រីគេ ហើយគេបានឱ្យនាងចូលទៅយកដោយខ្លួនឯង ។ ពេលនាងចូលយកទូរស័ព្ទនៅក្នុងបន្ទប់ ស្រាប់តែឈ្មោះម៉ៅ រ៉ូត បានមកចាប់នាងឱបពីក្រោយ ហើយផ្តួលទៅលើគ្រែរួចបានធ្វើសកម្មភាពចាប់នាងរំលោភរហូតបានសម្រេច ។
ជនសង្ស័យឈ្មោះម៉ៅ រ៉ូត បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេនិងនារីរងគ្រោះបានស្រឡាញ់គ្នាអស់រយៈពេលជាង៤ឆ្នាំមកហើយ ដោយកន្លងមកខ្លួនបានរួមរ័កជាមួយនាងជាបន្តបន្ទាប់បានចំនួន៤លើកនៅក្នុងបន្ទប់ផ្ទះសំណាក់ និងលើកនេះម្តងទៀត គឺ៥លើកហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ