ខេត្តបន្ទាយមានជ័យ ៖ ពិរុទ្ធជនជាប់ឃុំនៅក្នុងពន្ធនាគារខេត្ត ម្នាក់បានរត់គេចខ្លួនពេលយកលេសសុំទៅបត់ជើងក្នុងបង្គន់អនាម័យក្នុងសាលាដំបូងខេត្ត ខណៈនាំមកកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣ កញ្ញា ២០១២ ។
លោកវរសេនីយ៍ឯក ហ៊ិន សុផល ប្រធានពន្ធនាគារខេត្ត ប្រាប់ថ្ងៃទី៣ កញ្ញា ថា ពិរុទ្ធជននោះឈ្មោះអែម សី ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវតុលាការបញ្ជូនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តកាលពីថ្ងៃទី១០ ឧសភា ២០១២ ។ ដោយជាប់ពីបទចោទរំលោភសេពសន្ថវៈទៅលើប្អូនថ្លៃជាអនីតិជន។ លោកប្រាប់បន្តទៀតថា ពិរុទ្ធជនត្រូវពន្ធនាគារអនុរក្សនាំមកឱ្យតុលាការសួរនាំ ដើម្បីបំភ្លឺសំណុំរឿងរបស់ខ្លួនកាលពីព្រឹកថ្ងៃទី៣ កញ្ញា តែជននេះប្រាប់ថា សុំបត់ជើងធំ ទើបអនុរក្សពន្ធនាគារនាំទៅបង្គន់ និងយាមពីមុខ ។ ប៉ុន្តែបាត់យូរជាង១៥នាទីពុំឃើញចេញឆ្មាំគុកបានបង្ខំបើកទ្វារបង្គន់ក៏បាត់ពិរុទ្ធជនដោយឃើញពិដានបង្គន់ដែលមិនមាំទាំបានរបើក ។ ឆ្មាំគុកបានឡើងតាមតែរអិលធ្លាក់ចុះដោយសារភ្លៀងធ្លាក់ ។ ពិរុទ្ធជនទំនងជារត់ចូលភ្នំស្វាយដែលនៅជាប់តុលាការរួចរត់ពួនក្នុងបណ្តាកូនភ្នំក្នុងក្រុងសិរីសោភ័ណ ប្រភពព័ត៌មាននានាឱ្យដឹងថា កម្លាំងពន្ធនាគារ, នគរបាល និងកងរាជអាវុធហត្ថជាច្រើននាក់ដេញតាមចាប់ពិរុទ្ធជននេះទាំងភ្លៀងធ្លាក់ឥតឈប់នាថ្ងៃដដែលនោះ តែរហូតមកទល់ពេលនេះនៅមិនទាន់រកឃើញនៅឡើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ