ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយមួយថ្ងៃ បន្ទាប់ពីចាប់បង្ខំនារីវ័យ១៦ឆ្នាំ ម្នាក់រំលោភសេពសន្ថវៈរហូតបានសម្រេចកាលពីវេលាម៉ោង៩យប់ថ្ងៃទី១ កញ្ញា នៅក្នុងចម្ការមួយកន្លែង ស្ថិតក្នុងភូមិភ្នំសំពៅ ស្រុកបាណន់ ក្នុងគ្រាដែលជននេះនាំនារីរងគ្រោះទៅលេងតំបន់ទេសចរណ៍ភ្នំសំពៅ ។
លោកជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសន៍ថា ហេតុការណ៍នេះបានកើតឡើងក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ប៉ុន្តែសមត្ថកិច្ចក្រុងបាត់ដំបងបានចាត់ការលើករណីនេះ ក្រោយពីគ្រួសារនារីរងគ្រោះដាក់ពាក្យបណ្តឹង ។ មន្ត្រីនគរបាលជំនាញប្រាប់ថា ជនសង្ស័យឈ្មោះរ៉ន សុភា អាយុ១៩ឆ្នាំ នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ។ ឯនារីរងគ្រោះអាយុ១៦ឆ្នាំ នៅក្រុងបាត់ដំបង ។ សមត្ថកិច្ចនិយាយថា យុវជននេះបានល្បួងនាងទៅលេងភ្នំសំពៅ រួចបង្ខាំងទុកមួយយប់នៅក្នុងចំការមួយកន្លែង និងបានចាប់រំលោភនាងតែម្តង។ លុះព្រឹកឡើងទើបនាងទូរស័ព្ទប្រាប់ម្តាយពីរឿងនេះ ហើយម្តាយនាងក៏បានប្តឹងសមត្ថកិច្ចក្រុងឱ្យជួយអន្តរាគមន៍។
អ្នកស្រីសូត្រ ដា អាយុ៣៣ឆ្នាំ ជាម្តាយនារីរងគ្រោះនិយាយថា គាត់បានបាត់កូនស្រី១យប់មិនឃើញត្រឡប់មកផ្ទះវិញ លុះព្រឹកឡើងទើបទទួលដំណឹង ប៉ុន្តែកូនស្រីបានប្រាប់តាមទូរស័ព្ទថា ឈ្មោះសុភា នាំនាងទៅលេងភ្នំសំពៅ ហើយបង្ខាំងនាងមិនឱ្យមកផ្ទះ និងដកទូរស័ព្ទនាងទុកទៀត ។ កូនស្រីគាត់ប្រាប់ថា ឈ្មោះសុភា បាននាំនាងទៅដេកក្នុងចម្ការក្រូចមួយកន្លែង រួចចាប់នាងរំលោភនាយប់នោះ លុះព្រឹកឡើងទើបឌុបនាងចេញពីចម្ការមកដល់ថ្នល់ជាតិ រួចនាងទូរស័ព្ទប្រាប់គាត់ ហើយគាត់ក៏ទៅប្តឹងសមត្ថកិច្ចក្រុងបាត់ដំបង ឱ្យជួយចាត់ការតែម្តងទៅ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ