ខេត្តស្ទឹងត្រែង ៖ ធនធានត្រីនៅក្នុងទន្លេបានកើនឡើងគួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ២០១២ នេះ ដោយសារអាកាសធាតុមានការប្រែប្រួលខុសពីឆ្នាំកន្លងទៅ តែទោះបីជាបែបណា ប្រជាពលរដ្ឋរស់នៅតាមដងទន្លេក៏ដូចជាសហគមន៍នៅតែខ្វល់ខ្វាយចំពោះបទល្មើសគ្រប់ប្រភេទដែលនៅតែកើតមានដែរ ។
ប្រធានសហគមន៍នេសាទភូមិកោះខនឌិន លោកម៉ៅ សារ៉េត ថ្លែងថា នៅក្នុងឆ្នាំនេះត្រីគ្រប់ប្រភេទមានការកើនឡើងខ្លាំងបើប្រៀបធៀបនឹងកាលពី៥ទៅ៦ឆ្នាំមុន ។ កត្តាដែលធ្វើឱ្យត្រីគ្រប់ប្រភេតកើនឡើងនេះ ដោយសាររយៈពេលពីរឆ្នាំមកនេះមានភ្លៀងធ្លាក់ច្រើនធ្វើឱ្យមានព្រៃលិចទឹកនៅក្នុងតំបន់រ៉ាំសារចាប់ពីចំណុចកន្ទុយកោះត្រែង ភូមិថ្មី សង្កាត់សាមគ្គី រហូតដល់ចំណុចព្រះសុខន ឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ ដែលជាអំណោយផលក្នុងការបង្កាត់ពូជ និងពងកូន ។
ម្យ៉ាងវិញទៀត តំបន់រ៉ាំសារ ជាកន្លែងជម្រកដ៏កក់ក្តៅរបស់ត្រី ព្រោះតំបន់នោះសម្បូរដោយថ្ម និងអន្លង់ជ្រៅៗសម្រាប់មេពូជត្រីធំៗរស់នៅ ។ ប៉ុន្តែថ្វីបើបែបនេះក្តី លោកម៉ៅ សារ៉េត បានត្អូញត្អែរ និងព្រួយបារម្ភផងដែរថា ពូជត្រីប្រភេទប៉ាសេអីុដែលជាត្រីមានតម្លៃសម្រាប់តែខេត្តស្ទឹងត្រែង អាចនឹងថយចុះដោយសារទំនប់វារីអគ្គិសនី ។
លោកអ៊ឹម ឆុន ជាពលរដ្ឋរស់នៅក្នុងភូមិកោះខិនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ជារឿយៗពេលឡើងពីដកស្ទូងគាត់តែងកាន់សំណាញ់ ឬមងទៅដាក់នៅក្នុងទន្លេ ឬក្នុងអូរក្រោយផ្ទះគាត់ ។ លោកនិយាយថា ត្រីក្នុងទន្លេសម្បូរជាងកាលពីប៉ុន្មានឆ្នាំមុន តែសម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ បែរជារកត្រីស្លស្ទើរតែមិនបាន ដោយសារតែត្រីទាំងនោះមិនអាចទប់ទល់នឹងការដាក់ឧបករណ៍ឆក់រាល់ថ្ងៃ ហើយគ្មានការបង្ក្រាប ។ គាត់មិនមានសង្ឃឹមថាទៅពេលខាងមុខទៀតត្រីទាំងនោះអាចសម្បូរឡើយ បើគ្មានការទប់ស្កាត់ ។
ចំណែកលោកដៀប បូរ៉ា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ថ្លែងថា តាមការប្រមើលមើលឃើញថា ត្រីឆ្នាំនេះអាចកើនឡើងពី១០ទៅ២០ភាគរយ ដែលទាំងនេះ ដោយសាររាជរដ្ឋាភិបាលលុបឡូត៍នេសាទទូទាំងប្រទេស ហើយប្រភេទត្រីមួយចំនួនឡើងមកដល់ផ្នែកខាងលើទន្លេមេគង្គ ។ ម្យ៉ាងទៀត ដោយសារមានអន្លង់អភិរក្ស១៨កន្លែង អន្លង់ផ្សោត និងអន្លង់សហគមន៍នេសាទដែលមានចំនួន៥០សហគមន៍ ៕
ចែករំលែកព័តមាននេះ