ខេត្តរតនគិរី ៖ រថយន្តមួយគ្រឿង បានក្រឡាប់កាលពីវេលាពាក់កណ្តាលអធ្រាត្រ បណ្តាលឱ្យមនុស្សម្នាក់ធ្លាក់បាត់ក្នុងទឹកបឹងកន្សែង លុះព្រឹកឡើងទើបរកសពឃើញ ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២ កញ្ញា នៅមាត់បឹងកន្សែង ស្ថិតក្នុងភូមិ៧ សង្កាត់បឹងកន្សែង ក្រុងបានលុង ។
មន្ត្រីនគរបាលចរាចរជើងគោកខេត្ត បានឱ្យដឹងថា រថយន្តដែលក្រឡាប់នោះម៉ាកតាកូម៉ា ពណ៌ខៀវ ២កឹប មួយគ្រឿង មានមនុស្សជិះក្នុងរថយន្តពីរនាក់ ម្នាក់ឈ្មោះ អាង វ៉ាងតឹក ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិវៀតណាម និងម្នាក់ទៀតឈ្មោះ ចិន ចុង ភេទប្រុសអាយុ៥៤ឆ្នាំ ជាជនជាតិវៀតណាមដូចគ្នា និងជាអ្នកបើកបរបានស្លាប់ដោយសារធ្លាក់ចូលក្នុងទឹកបឹងកន្សែងមួយយប់ ។ បុរសដែលស្លាប់នេះជាមេការដាំកៅស៊ូឱ្យក្រុមហ៊ុន ដីសម្បទានមួយដែលមានទីតាំងនៅស្រុកវើនសៃ ។
មន្ត្រីនគរបាលដដែលបានបន្តថា តាមការបំភ្លឺពីអ្នករួមដំណើរឈ្មោះ អាង វ៉ាងតឹក ឱ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុខ្លួនមានគ្នា៥-៦នាក់ ធ្វើការនៅក្រុមហ៊ុនជាមួយគ្នា បាននាំគ្នាទៅផឹកស៊ីនៅ ហាងមួយកន្លែងរហូតដល់ម៉ោង១រំលងអធ្រាត្រ ទើបខ្លួននិងជនរងគ្រោះនាំគ្នាបើករថយន្តទៅក្រុមហ៊ុនវិញ ដោយបើកស្របមាត់បឹងកន្សែងមានល្បឿនលឿន ហើយអ្នកបើករថយន្តមានសភាពស្រវឹងជោក បណ្តាលឱ្យរថយន្តរេចង្កូតក្រឡាប់៣-៤ត្រឡប់ធ្លាក់ចូលទៅក្នុងទឹកបឹងទាំងកណ្តាលយប់ ចំណែកខ្លួនដែលនៅរស់ដោយសារពេលដឹងថា រថយន្តក្រឡាប់ធ្លាក់ទឹកខ្លួនបានបើកទ្វារលោតចេញទាន់ ។ ដោយឡែកអ្នកបើកបរបានខ្ទាតចេញពីក្នុងរថយន្តចូលទៅក្នុងទឹកជ្រៅ ដោយសារតែស្រវឹងផងមិនអាចហែលទឹករួច ទើបបណ្តាលឱ្យស្លាប់ក្នុងទឹកបឹងកន្សែងបែបនេះ ។
ក្រោយពេលកើតហេតុបាន២០នាទី សមត្ថកិច្ចនគរបាលខេត្ត រួមទាំងអ្នកធ្វើការនៅក្រុមហ៊ុនជាមួយគ្នា ជាច្រើននាក់បានចុះរាវរកសពទាំងយប់តែរកមិនឃើញ លុះព្រឹកឡើងសពក៏អណ្តែតលើផ្ទៃទឹកបឹង ហើយប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅប្រទេសវៀតណាម។សមត្ថកិច្ចបញ្ជាក់ថា រថយន្តបានធ្លាក់ចូលទឹកពាក់កណ្តាល និងបែកកញ្ចក់ខាងស្តាំត្រូវសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ៕
ចែករំលែកព័តមាននេះ